អ្នកជំនាញជាន់ខ្ពស់ព្រមានហានិភ័យក្នុងការផ្តល់កម្ចីលើការទិញដី និងលំនៅដ្ឋានសម្រាប់វិនិយោគ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកស្រី ជា សិរី បានធ្វើការណែនាំ ដល់​ធនាគារ​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់កម្ចីលើការទិញដី និងលំនៅដ្ឋានសម្រាប់វិនិយោគ ព្រោះថាអាចមានហានិភ័យ​ខ្ពស់ នៅពេលអតិថិជនជួបវិបត្តិអ្វីមួយ ហើយមិនអាចសងត្រឡប់វិញបាន។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅថ្ងៃទី០៦ ខែមិថុនា លោកស្រី ជា សិរី ឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជាទូទៅ ការផ្តល់ប្រាក់កម្ចីអ្វីមួយ ត្រូវមាន​ការធានាជាផ្ទះ ឬដីមកបញ្ចាំទើបធនាគារគេឱ្យខ្ចី ប៉ុន្តែការខ្ចីប្រាក់យកទៅទិញដី ឬលំនៅដ្ឋាន មានហានិភ័យ​ជាងខ្ចីយកទៅទិញផ្ទះខ្លួនឯង។​

លោកស្រីបានបន្តថា អតិថិជនខ្ចីប្រាក់យកទៅទិញផ្ទះរស់នៅ បើទោះបីជាមានហានិភ័យអ្វីមួយក៏ដោយ ក៏គាត់ខំប្រឹង​រកប្រាក់ ដើម្បីបង់ត្រឡប់មកធនាការវិញដែរ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា “ប៉ុន្តែ យើងបារម្ភទៅលើអ្នកដែលខ្លីយកទៅទិញដី ឬលំនៅដ្ឋានទុក ដើម្បីរង់ចាំឡើង​ថ្លៃលក់ចំណេញនោះ អាចជាហានិភ័យនៅពេល ដែលមានផលលំបាកកើតឡើង ដោយគាត់អាចនឹងបោះបង់ដី ​ឬលំនៅដ្ឋាននោះចោល ដោយសារមិនមានលទ្ធភាពបង់ប្រាក់ត្រឡប់ទៅធនាគារវិញបាន”។

លោកស្រីបានបន្ថែមថា “ដូចនេះ ធនាគាត្រូវរឹបអូសដី ឬលំនៅដ្ឋាននោះ ដើម្បីលក់បន្ត ហើយក៏មិនប្រាកដថា អាចលក់បាន​ដូចការវាយតម្លៃ ដែលអតិថិជនមកខ្ចីនោះដែរ ព្រោះប្រាក់ដែលផ្តល់ឱ្យជាប្រាក់បញ្ញើរបស់អតិថិជនទេ ​មិនមែនប្រាក់​របស់ធនាគារទាំងអស់ដែរ។ នៅពេលដែលធនាគារអត់មានប្រាក់ប្រមូលបានត្រឡប់មកវិញច្រើន វានឹងប៉ះពាល់ដល់​អ្នកដែលយកប្រាក់មកបញ្ញើរ។

លោកស្រីថា ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីធ្វើយ៉ាងណាការពារវិស័យធនាគារ កុំឱ្យមានបញ្ហាត្រូវ​មានរង្វាស់​ជាក់លាក់ ដើម្បីវាស់វែងហានិភ័យ និងមានវិធានការឱ្យបានទាន់ពេលវេលាកុំឱ្យដូចពាក្យចាស់លើកឡើងថា ទឹកដល់ច្រមុះហើយ ទើបរកវិធានការដោះស្រាយនោះ”។

លោកស្រី ជា សិរី បានបញ្ជាក់ថា ក្នុងការទប់ស្កាត់ហានិភ័យនេះជាវិធានការ គឺមានតែធនាគារត្រូវសិក្សា និងវាយ​តម្លៃឱ្យបានច្បាស់លាស់ពីតម្លៃអចនលទ្រព្យ។ បើមានការធ្លាក់ថ្លៃ ត្រូវប្រុងប្រយ័ត្ន ហើយបើតម្លៃឡើង​ថ្លៃ ក៏មានការប្រុង​ប្រយ័ត្នដែរ ព្រោះជួនកាលការឡើង​ថ្លៃបែប​ពពុះសេដ្ឋកិច្ចប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here