ដោយ៖ សុខុម
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធំបំផុតទី៣ Sunac China ដែលមានបញ្ហាសាច់ប្រាក់កំពុងស្វះស្វែងសុំពន្យារពេល២ឆ្នាំ សម្រាប់ការទូទាត់ថ្លៃមូលបត្របំណុលក្នុងស្រុកជាច្រើនរយលានដុល្លារ ដែលដល់ពេលកំណត់នៅថ្ងៃទី១៣ ខែមិថុនា ដ៏ខ្លីខាងមុខនេះ។
ប្រភពបានទម្លាយឱ្យដឹងនៅថ្ងៃពុធ ទី៨ ខែមិថុនានេះថា ក្រុមហ៊ុន Sunac China មានគម្រោងទូទាត់តែការប្រាក់ប៉ុណ្ណោះ ដែលដល់ពេលកំណត់នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយប៉ុណ្ណោះ ហើយការទូទាត់ប្រាក់ដើមចំនួន៣៤៥លានដុល្លារ ដែលត្រូវរំលស់ជា៤ដំណាក់កាល រួមមាន ១០% ១៥% ២០% និង៥៥%នឹងត្រូវពន្យារ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធំបំផុតទី៣ បើគិតពីទំហំនៃការលក់នេះកំពុងជួបវិបត្តិសាច់ប្រាក់យ៉ាងខ្លាំងដល់ថ្នាក់ស្វះស្វែងសុំពន្យារពេលទូទាត់បំណុល និងសម្រុកលក់ចេញទ្រព្យសកម្ម ដើម្បីដោះទាល់ បន្ទាប់ពីការលក់របស់ខ្លួនដាំក្បាលចុះខ្លាំងដោយសារវិបត្តិកូវីដ-១៩ និងដោយសារមិនអាចខ្ចីធនាគារបន្ថែមទៀតបាន។
កាលពីខែមុន ក្រុមហ៊ុន Sunac China បានខកខានការទូទាត់មូលបត្របំណុលនៅបរទេស ចំនួន៧៤២លានដុល្លារ។ ការខកខានទូទាត់របស់ក្រុមហ៊ុននេះកើតមានឡើង ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍ចិនជាច្រើនផ្សេងទៀត បានខកខានទូទាត់បំណុលជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការដាំក្បាលចុះយ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យ ដែលហ៊ុមព័ទ្ធដោយបំណុលជុំទិស នៅក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។
ជាមួយនឹងមូលបត្របំណុលចំនួន៧,៧ពាន់លានដុល្លារ ដែលខ្លួនបានបោះផ្សាយ ក្រុមហ៊ុន Sunac China បានក្លាយជាអ្នកបោះផ្សាយមូលបត្របំណុលធំបំផុតទី៤ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនផ្សេងៗទៀត។
ប្រភពមួយបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Sunac China កំពុងពិចារណារៀបចំឡើងវិញនូវបំណុលរបស់ខ្លួននៅបរទេស ដើម្បីពន្យារពេលទូទាត់។ ក្រុមហ៊ុននេះក៏កំពុងពិភាក្សា ជាមួយបណ្ដាអង្គភាពគ្រប់គ្រង ដោយរដ្ឋអំពីការវិនិយោគជាយុទ្ធសាស្រ្ត នៅក្នុងក្រុមហ៊ុននេះផងដែរ៕