ដោយ៖ លាងហួរ
ពិភពលោក៖ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP)នៅក្នុងតំបន់ប្រទេស G20 បានកើនឡើងត្រឹមតែ០,៧% ប្រៀបធៀបនឹងត្រីមាសមុន ដែលធ្លាក់ចុះពីកំណើន១,៣% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១។
ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប នៅក្នុងតំបន់G20 នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ឆ្លុះបញ្ចាំងពីដំណើរការទន់ខ្សោយនៃGDP នៅក្នុងសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះ០,៤%ពីប្រៀបធៀបនឹងត្រីមាសមុន ដែលធ្លាក់ចុះពីកំណើន១,៧% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១។ ការធ្លាក់ចុះនេះបណ្តាលមកពីការផ្លាស់ប្តូរពាណិជ្ជកម្មសុទ្ធ និងការថយចុះនៃការវិនិយោគសារពើភ័ណ្ឌ និងការចំណាយរបស់រដ្ឋាភិបាលលើជំងឺកូវីដ១៩។
នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌូនេស៊ី កំណើនGDPបានថយចុះច្រើនជាង២ភាគរយនៅចន្លោះត្រីមាសទី៤ឆ្នាំ២០២១ និងត្រីមាសទី១ឆ្នាំ២០២២ ដែលកំណើននេះបានថយចុះតិចជាងនៅក្នុងប្រទេសកាណាដា ប្រទេសចិន ឥណ្ឌា អ៊ីតាលី កូរ៉េ ទួរគី និងចក្រភពអង់គ្លេស ក្នុងត្រីមាសទី១ឆ្នាំ២០២២ ខណៈGDPរបស់ប្រទេសបារាំងមានការធ្លាក់ចុះ០,២% និងជប៉ុន០,១%រៀងគ្នា។
យ៉ាងណាក្តី ប្រទេសរ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង និងសហភាពអឺរ៉ុបទាំងមូលបានកត់ត្រាកំណើនGDPដ៏រឹងមាំ នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ល្អប្រសើរជាងត្រីមាសទី៤ឆ្នាំ២០២១។ ប្រទេសអារ៉ាប៊ីសាអូឌីត មានការកើនឡើង២,៦% បំផុតក្នុងចំណោមប្រទេស G20 ដែលជំរុញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃការលក់ប្រេងរបស់ប្រទេសនេះ។
កំណើន GDP របស់ចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង បានកើនឡើងលើសពីកម្រិតមុនជំងឺរាតត្បាត ជាលើកដំបូង នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្នុងអត្រា០,៧%និង០,៥% រៀងគ្នា ខណៈប្រទេសអ៊ីតាលីឈានដល់កម្រិតមុនការរាតត្បាតជាលើកដំបូងផងដែរ។
ក្នុងចំណោមសេដ្ឋកិច្ចប្រទេសG20 ប្រទេសអាឡឺម៉ង់ ជប៉ុន និងម៉ិកស៊ិក នៅតែទាបជាងកម្រិតមុនការរាតត្បា ដោយស្ថិតក្នុងអត្រា០,៩% ០,៦% និង២,១%រៀងគ្នា នៅក្នុងត្រីមាសទី១ឆ្នាំ២០២២៕