ដោយ៖ សុផារី
ភ្នំពេញ៖ វិស័យអចលនទ្រព្យវិញ ក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញ ក្នុងកម្រិត៥,២ភាគរយ នៅក្នុងឆ្នាំ២០២៣ ដោយសារការងើបឡើងវិញនៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យតម្លៃខ្ពស់។
វិស័យសំណង់ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា៧,២ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
នេះបើតាមសារាចរណែនាំស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ សំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើង នៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។
ចំណែកវិស័យអចលនទ្រព្យវិញ ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាបនិងមធ្យម ត្រូវបានរំពឹងទុកថា បន្តរក្សាកំណើនល្អ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ រំពឹងថានឹងបន្តមានកំណើនខ្ពស់បន្តទៀត ទោះបីប្រឈមនឹងបញ្ហាវិបត្តិកូវីដ១៩ក្តី។
លោកសុខនីម បានបញ្ជាក់ថា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់តិចជាងគេ ដោយសារប្រទេសកម្ពុជាមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងការគ្រប់គ្រងហានិភ័យ និងភាពប្រថុយប្រថានរបស់រាជរដ្ឋាភិបាលកម្ពុជា លើការដោះស្រាយបញ្ហាវិបត្តិ។
លោកថា “ភាពប្រថុយប្រថាន ឬបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគ្រប់គ្រងហានិភ័យ ក្នុងការគ្រប់គ្រងកូវីដ១៩ ដោយហ៊ានទទួលយកវ៉ាក់សាំងពីបណ្តាប្រទេសផ្សេងៗ ដល់ប្រជាជនកម្ពុជា។ នៅពេលមានវ៉ាក់សាំង ហានិភ័យត្រូវបានកាត់បន្ថយ”។
លោកបង្ហាញទស្សនៈវិស័យលើវិស័យអចលនទ្រព្យកម្ពុជា ក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀតថា នៅបន្តកើនឡើងក្នុងអត្រាខ្ពស់ជារៀងរាល់ឆ្នាំ លើការអភិវឌ្ឍ និងកំណើនតម្លៃដីធ្លី ជាពិសេសក្នុងតំបន់មួយចំនួន ដែលជាតំបន់អភិវឌ្ឍន៍ថ្មី ដែលជំរុញដោយកំណើនតម្រូវការខ្ពស់នៃប្រជាជននៅក្នុងស្រុក ការផ្តល់ឱកាសដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក៕