ដោយ៖ សុផារី
ភ្នំពេញ៖ ទីផ្សារលក់រាយនៅកម្ពុជាត្រូវបានមើលឃើញថា នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការវិនិយោគបន្ថែម ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែទំនើប។
អ្នកជំនាញ ព្យាករណ៍ថា ទីផ្សារមួយនេះនឹងមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប្រហែលជា៣ទៅ៥ឆ្នាំទៀត។
លោកឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន Lee’s Food Service និងជាម្ចាស់អាជីវកម្មមួយរូប បានថ្លែងថា បច្ចុប្បន្នការលក់រាយនៅកម្ពុជានៅមានកម្រិតនៅឡើយ ដែលជំរុញឱ្យមានការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ផ្សារលក់រាយបែបទំនើបឱ្យកាន់តែប្រសើរឡើង ដូចប្រទេសដទៃ។
បើតាមម្ចាស់អាជីវកម្មរូបនេះបានឱ្យដឹងថា វត្តមានការវិនិយោគផ្សារលក់រាយបែបទំនើបនៅកម្ពុជា មានការប្រកួតប្រជែងកាន់តែច្រើន នាំឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ជាមួយនឹងការប្រកួតប្រជែងតម្លៃ គុណភាព និងសេវាកម្ម។
លោកបន្តថា “តាមទស្សនៈរបស់ខ្ញុំ អនាគតនៃទីផ្សារ Mart នៅកម្ពុជានឹងភ្លឺស្វាង ហើយនិងរីកដុះដាលក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ព្រោះដោយសារបច្ចុប្បន្នមានការប្រកួតប្រជែងក្នុងវិស័យម៉ាតនេះកាន់តែច្រើន អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយនឹងតម្លៃប្រកួតប្រជែង”។
ទីផ្សារលក់រាយនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្កាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេសង្គេតឃើញមានវត្តមាននៃបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនចូលមកកាន់ទីផ្សារកម្ពុជា ដែលជំរុញការប្រកួតប្រជែងបន្ថែម។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA មានប្រសាសន៍ថា នៅក្នុងបរិបទសេដ្ឋកិច្ច លំហូរចូលនៃក្រុមហ៊ុនស្តង់ដារអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជា ជាសញ្ញាល្អស្របនឹងកម្រិតជីវភាព និងស្តង់ដារនៃការរស់នៅ ដែលបង្ហាញពីការរីកចម្រើននៃកម្រិតជីវភាព ការប្រើប្រាស់ និងការចាយវាយរបស់ប្រជាជនកម្ពុជា។
លោកឧកញ៉ា បញ្ជាក់ថា “ស្តង់ដាររបស់យើងឥលូវកាន់តែល្អប្រសើរហើយ ពាក់ព័ន្ធនឹងការចូលមកនៃ Mart មានកេរ្ត៍ឈ្មោះចូលមកកាន់ប្រទេសកម្ពុជាយើង គេវាស់ស្ទង់នឹងកម្រិតជីវភាព និងការចាយវាយរបស់ប្រជាជនកម្ពុជា”៕