ដោយ វឌ្ឍនា
ភ្នំពេញ ៖ អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថាក្នុងឆ្នាំ២០២២នេះ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនិងបានធ្វើឱ្យអាជីវកម្មជាច្រើនមានសកម្មភាពឡើងវិញក្ដីតែសម្រាប់វិស័យអចលនទ្រព្យទំនងមិនអាចវិលទៅរកស្ថានភាពដូចមុនកូវីដ១៩បានឡើយក្នុងឆ្នាំ២០២២នេះ ។
លោកស៊ីម សាមីឌី ប្រធានផ្នែកលក់នៃក្រុមហ៊ុន RENT KH បានឱ្យដឹងថា បើទោះបីជាយើងមើលឃើញថាស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងក្ដី និងមានអាជីវកម្មចាប់ផ្ដើមដំណើរការឡើងវិញក្ដី តែសម្រាប់វិស័យអចលនទ្រព្យត្រូវការពេលវេលាបន្តិចដើម្បីស្ដារឱ្យបានដូចមុនស្ថានភាព កូវីដ១៩ ។
លោកបន្តថា ទីផ្សារអចលនទ្រព្យ២០២២នេះ នឹងមិនទាន់ត្រលប់មករកប្រក្រតីត្រឹមត្រូវទេ ដូច្នេះប្រហែលជាអាចចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ខាងមុខ ។ វិស័យនេះអាចនឹងវិលត្រលប់ទៅរកស្ថានភាពប្រក្រតីវិញទាល់តែប្រទេសមានដំណើរការសេដ្ឋកិច្ចល្អប្រសើរបន្ថែមទៀត វិនិយោគិនបរទេសចូលមកកម្ពុជា ក្នុងបរិមាណច្រើនឡើងវិញ ក្នុងនោះពួកគេក៏ត្រូវចាក់វ៉ាក់សាំងបានគ្រប់គ្នា ។
លោកបន្ថែមថាវិស័យនេះនឹងងើបវិញបន្ថែមទៀត នៅពេលមានវិនិយោគិនបរទេសធំៗមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងមានរំរហូរទុនវិនិយោគ ផ្ទាល់ពីបរទេសកាន់តែច្រើនឡើងវិញពេលនោះ នឹងជំរុញឱ្យវិស័យនេះបានល្អប្រសើរនិងវិលត្រលប់ទៅរកស្ថានភាពមុនកូវីដ១៩ ។
ក្រៅពីលោកសាមីឌីក៏មានអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនទៀតបានមើលឃើញថា ស្ថានភាពកូវីដ១៩ នៅកម្ពុជាបានប្រសើរមែនតែនៅបណ្ដាប្រទេសមួយចំនួនធំ នៅតែបន្តរឹតបន្តឹងការចេញចូលនៃវិនិយោគិនរបស់គេ ដូច្នេះហើយវិនិយោគិននៃប្រទេសទាំងជាពិសេសចិនមិនអាចចេញក្រៅប្រទេសដើម្បីស្វែងរកការវិនិយោគបាន ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងថា ឆ្នាំ២០២៣ខាងមុខកម្ពុជាត្រូវត្រៀមខ្លួនក្នុងការងើបឡើងវិញនៃវិស័យអចលនទ្រព្យដោយរំពឹងថាវិនិយោគិនបរទេសពីអឺរ៉ុប និងចិន ត្រលប់មករកការវិនិយោគលើវិស័យនេះនៅកម្ពុជាវិញ ។
លោកបន្តថាវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តធ្វើឱ្យសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យទទួលផលប៉ះពាល់ ក្រោយកូវីដ១៩ក្នុងប្រទេសមានភាពប្រសើរឡើងវិញ ។ បើមិនមានសង្គ្រាមនោះវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចកម្ពុជាអាចនឹងល្អប្រសើរជាងនេះ ៕