ដំណឹងល្អ! ក្រសួងគ្រោងពង្រីកផ្លូវជាតិលេខ៤៨ពីពីរគន្លងទៅបួនគន្លង ខណៈផ្លូវជាតិនេះសម្រេចវឌ្ឍនភាពបាន៨ភាគរយ

0

ដោយ៖ សុផារី

កោះកុង៖ គិតមកទល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៨ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ស្របពេលនេះ ក្រសួងកំពុងពិនិត្យលទ្ធភាពពង្រីក ផ្លូវជាតិលេខ៤៨នៅចំណុចមួយចំនួនប្រវែង៤គីឡូម៉ែត្រកន្លះ ពីរគន្លងទៅបួនគន្លង ហើយក្រសួងបាន យកសំណូមពរនេះទៅពិចារណា និងបានពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីស្វែងរកថវិកាមកសាងសង់តាមសំណូមពររបស់សម្ដេច។

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសាងសង់មានគុណភាពល្អអាចទទួលបានយកបាន ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះសម្រេចវឌ្ឍនភាពការងារបានចំនួន៨%ហើយ។

ទន្ទឹមជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពពង្រីក ផ្លូវជាតិលេខ៤៨នៅចំណុចមួយចំនួនប្រវែង៤គីឡូម៉ែត្រកន្លះ ពីរគន្លងទៅបួនគន្លង ហើយក្រសួងបានយកសំណូមពរនេះទៅពិចារណា និងបានពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីស្វែងរកថវិកាមកសាងសង់តាមសំណូមពររបស់សម្ដេច។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុប ប្រមាណ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

ផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។

ផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងនោះ ផ្លូវមាន២គន្លងមានប្រវែង១២២,៩គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប១១៣ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here