រដ្ឋាភិបាល និងទីភ្នាក់ងារ UN ចំនួន៥ កំពុងសិក្សាលើការអភិវឌ្ឈសេដ្ឋកិច្ចបៃតងនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ បានឯកភាពឱ្យមានការសិក្សា ស៊ីជម្រៅអំពីការអភិវឌ្ឍន សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង។

ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះកិច្ចប្រជុំនេះត្រូវបានដឹកនាំលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវ​ឌ្ឍនដោយចីរភាព។ កិច្ចប្រជុំនេះ​បានពិភាក្សាជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋាន កម្មវិធីភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន០៥ របស់អង្គការសហប្រជាជាតិរួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ មុនការមកដល់នៃជំងឺកូវីដ-១៩។

លោកសាយ សំអាល់បានមានប្រសាសន៍ថា “កម្ពុជាចាប់អារម្មណ៍ ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតង ហើយការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា”។

ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួន ក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជា ការដោះស្រាយបញ្ហាប្រែប្រួលអាកា​សធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។

ជាលទ្ធផលចម្បងៗនៃកិច្ចប្រជុំនេះ ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍន សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភា​ព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE និង២) ការជួបពិភាក្សាកម្រិតនយោបាយ សម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here