ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារកត្តានានា ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងតម្រូវការទិញមាសដោយធនាគារកណ្តាលនានា។ ជាមួយគ្នានេះ សេដ្ឋកិច្ចសកលនៅតែមានហានិភ័យ ដោយសារគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៩ភាគរយដល់៣៣៧៨,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់៣៤៤២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,២៥ពិន្ទុនៅព្រឹកថ្ងៃព្រហស្បត៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,១៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕