ដោយៈ សុខុម
ប៉េកាំង: ការស្ទាបស្ទង់បង្ហាញថា ផលទុនជាតិសរុប (GDP) របស់មហាយក្សចិន បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំងក្នុងត្រីមាសទី២ ឆ្នាំ២០២២ នេះ បន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លាំងដល់រោងចក្រនានា និងអ្នកប្រើប្រាស់ ទោះជាសកម្មភាពក្នុងខែមិថុនា ប្រហែលជាកើនឡើងក្ដី។
ការស្ទាបស្ទង់ដោយទីភ្នាក់ងារពត៌មាន Reuter បង្ហាញថា ទិន្នន័យនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា នេះនឹងបង្ហាញពីកំណើន GDP ១%ក្នុងខែមេសា ដល់ខែមិថុនា បើធៀបនឹងកំណើន៤,៨%ក្នុងត្រីមាសទី១។
នេះជាកំណើនទាបបំផុត ចាប់តាំងពីការធ្លាក់ចុះយ៉ាងខ្លាំង ដល់ទៅ៦,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ជាពេលវីរុសកូវីដ-១៩ នៅទីក្រុងអ៊ូហាន (Wuhan) នាភាគកណ្ដាលប្រទេសចិន ដែលត្រូវបានរកឃើញដំបូងគេបង្អស់នៅចុងឆ្នាំ២០១៩ បានផ្ទុះពេញទំហឹង និងក្រោយមករាលដាលពាសពេញពិភពលោក យ៉ាងឆាប់រហ័សមកទល់ពេលនេះ។
ការស្ទាបស្ទង់នេះបង្ហាញថា GDP ប្រចាំត្រីមាសបានធ្លាក់ចុះ១,៥%ក្នុងត្រីមាសទី២ ខណៈត្រីមាសទី១ ពីខែមករា ដល់ខែមីនា សម្រេចបានកំណើន១,៣%។
លោក Nathan Chow អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ នៅធនាគារ DBS Bank ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា “ការធ្លាក់ចុះដ៏អាក្រក់បំផុតបានបញ្ចប់ហើយ។ ប៉ុន្តែការស្ទុះងើបឡើងវិញក្នុងឆមាសទី២ ទំនងជាតិចតួចណាស់”។
រដ្ឋាភិបាលក្រុងប៉េកាំង គ្រោងនឹងចេញផ្សាយទិន្នន័យ GDP ត្រីមាសទី២ រួមជាមួយនឹងទិន្នន័យសកម្មភាពខែមិថុនា នៅថ្ងៃសុក្រទី១៥ ខែកក្កដា នេះ៕ Reuters៕