តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈអតិផរណានៅសហរដ្ឋអាមេរិកកើនឡើងទាបជាងការរំពឹងទុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) របស់សហរដ្ឋអាមេរិកបានកើនឡើង២,៧ភាគរយនៅខែកក្កដា ឆ្នាំ២០២៥ ទាបជាងការព្យាករណ៍ ដែលថា នឹងកើនឡើង២,៨ភាគរយ។នេះជាសញ្ញាវិជ្ជមានសម្រាប់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់៣៣៥១,២០ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣.៣៤៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥ភាគរយដល់៣៣៩៧,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៣នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,១១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,០៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here