ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលរងរាជធានីភ្នំពេញ លោកកើត ឆែបានលើកឡើងនូវកត្តាសំខាន់ៗចំនួនពីរ ដែលជម្រុញឲ្យវិស័យអចលនទ្រព្យ ពិសេសលំនៅ ដ្ឋាននៅកម្ពុជាមានភាពរីកចម្រើន។
លោកបានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីសម្ភោធបុរីមួយកាលពីថ្ងៃទី២៤ កក្កដាកន្លងមកនេះ។
លោកកើត ឆែបានបន្តថា “ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជាពិសេសសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក”។
លោកបន្តថា ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន របស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញអោយឃើញ ពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយបានកៀរគរ អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា មានការរីកចម្រើន។ ៤៣ឆ្នាំនេះ ភ្នំពេញបានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ។
លោកកើត ឆែ បន្តទៀតថា “ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយ”។ លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ។ គេមិនអាចយកលុយមករកស៊ី ដោយភាពប្រថុយប្រថាននោះទេ”។
ចំពោះកត្តាស្ថេរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែបរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ។ កត្តាទាំង២នេះនឹងធ្វើឲ្យកម្ពុជាដើរលើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។
លោកកើត ឆែ បានបន្តទៀតថា វិស័យឯកជន ជាដៃគូរមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល។ ដើម្បីរក្សាបាននូវភាពរឹងមាំ ជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈ ជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន៕