ទីផ្សារលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីបន្តកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីក្នុងខែកក្កដា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានបន្តកើនឡើងជាលំដាប់ដល់កម្រិតបំបែកកំណត់ត្រាថ្មីកាលពីខែកក្កដា ដោយសារការផ្គត់ផ្គង់លំនៅដ្ឋានក្នុងប្រទេសនេះមិនអាចឆ្លើយតបទាន់តម្រូវការ គួបផ្សំនឹងការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអូស្ត្រាលី។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៤៤.១៩៧ដុល្លារអូស្ត្រាលី (ប្រមាណ៥៤២.៣៩៧ដុល្លារអាមេរិក) នៅក្នុងខែកក្កដា ឆ្នាំ២០២៥។

តួលេខនេះជាអត្រាកំណើនក្នុងរយៈពេល៦ខែជាប់ៗគ្នា។ កាលពីខែមិថុនា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៦ភាគរយដូចគ្នា ដែលនាំឱ្យអត្រាកំណើនប្រចាំឆ្នាំសម្រេចបានក្នុងរង្វង់៣,៧ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានគូសបញ្ជាក់នៅក្នុងកំណត់ត្រាមួយថា “ទស្សនវិស័យសម្រាប់តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលីនៅតែបង្ហាញសញ្ញាវិជ្ជមាន”។

លោកបានបន្តថា “យើងរំពឹងថា តម្លៃផ្ទះនឹងបន្តកើនឡើងពេញមួយឆ្នាំ២០២៥ ដោយសារការបញ្ចុះអត្រាការប្រាក់ឱ្យថយចុះមកនៅត្រឹមកម្រិតទាបដោយធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី ភាពប្រសើរឡើងនៃទំនុកចិត្ត និងកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន”។

ទោះជាយ៉ាងណា លោក​បាន​ព្រមាន​ថា ល្បឿន​នៃ​អត្រាកំណើន​នឹងថមថយ ដោយសារ​កង្វះ​លទ្ធភាព​ទិញផ្ទះ ស្របពេលតម្លៃផ្ទះមានកម្រិតខ្ពស់កប់ពពក និង​ភាព​មិន​ប្រាកដ​ប្រជា​របស់សេដ្ឋកិច្ចពិភពលោក៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here