ការសិក្សាៈ ជនជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី១ជាអ្នកទិញអចលនទ្រព្យតម្លៃថ្លៃបំផុតក្នុងប្រទេសថៃ

0

ដោយៈ សុផារី

ភ្នំពេញៈ ការសិក្សារបស់ធនាគាររដ្ឋាភិបាលធំមួយ នៅក្នុងប្រទេសថៃបានបង្ហាញថា ជនជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ជាអតិថិជនបរទេស ដែលបានចំណាយទឹកប្រាក់ជាមធ្យមច្រើនបំផុត លើការទិញអចលនទ្រព្យនៅក្នុងប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសថៃ។

របាយការណ៍ស្តីពីអចលនទ្រព្យគ្រប់គ្រង ដោយជនបរទេសក្នុងប្រទេ​សថៃរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ នៃធនាគារលំនៅឋានរបស់   រដ្ឋាភិបាលថៃ (Government Housing Bank) ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយនៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ បង្ហាញពីទិន្នន័យទឹកប្រាក់សរុប នៃតម្លៃអចលនទ្រព្យ ដែលត្រូវបានទិញដោយជនបរទេស។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា “ជនជាតិកម្ពុជាជាជនជាតិចំណាយប្រាក់ទិញ អចលនទ្រព្យថ្លៃបំផុត ក្នុងចំណោមជនបរទេសផ្សេងទៀត ក្នុងតម្លៃ១៨,២លានបាត ឬប្រហែល៥ម៉ឺនដុល្លារអាមេរិក”។

ដោយរៀងតាមទំហំទឹកប្រាក់សរុប នៃការវិនិយោគលើអចលនទ្រព្យរបស់ជនបរទេស ជនជាតិកម្ពុជាចំណាយទឹកប្រាក់៤០១លានបាត ឬស្មើនឹង១១លានដុល្លារអាមេរិក កើនឡើង៣៤,៦ភាគរយ ក្នុងត្រីមាសទី១ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ជនជាតិចិនបន្តជាប់ចំណាត់ថ្នាក់ទី១ ជាជនបរទេសទិញអចលនទ្រព្យសរុប ក្នុងតម្លៃ៤.៥៧០លានបាត ឬស្មើនឹង១២៤,៨០លានដុល្លារអាមេរិក ធ្លាក់ចុះ៣២,៤ភាគរយ។

ផ្ទុយទៅវិញ ជនជាតិរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី២ ចំណាយទឹកប្រាក់សរុបចំនួន៤៣៥លានបាត ឬស្មើនឹង១១,៨៧លានដុល្លារអាមេរិក កើនឡើងរហូតដល់ទៅ១០៣,៥ភាគរយ។

នាពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានសម្រេច អនុញ្ញាតឱ្យជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន កាន់កាប់ដីពេញលេញ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន ដោយព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការទាក់ទាញអ្នកចំណាយប្រាក់ច្រើន ចំនួនមួយលាននាក់ពីក្រៅប្រទេស។

កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដី អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana កាលពីពេលថ្មីៗនេះថា គណៈរដ្ឋមន្ត្រីបានអនុម័ត ឱ្យជនបរទេសអាចកាន់កាប់ដីធ្លី រហូតដល់១រ៉ៃ (០,១៦ហិកតា) ចាប់ពីខែកញ្ញាឆ្នាំ២០២២តទៅ សម្រាប់ការវិនិយោគក្នុងតម្លៃ៤០លានបាតឡើងទៅ លើអចលនទ្រព្យ មូលបត្រ ឬមូលនិធិរបស់ប្រទេសថៃ ក្នុងរយៈពេល៣ឆ្នាំ។

លោក Thanakorn បាននិយាយថា រដ្ឋាភិបាលថៃមានបំណងទាក់ទាញកម្មករជំនាញ និងនិវត្តជនបន្ថែមទៀត ហើយសំណើនេះនឹងរួមបញ្ចូលអត្ថប្រយោជន៍ពន្ធមួយចំនួន និងទិដ្ឋាការរយៈពេល១០ឆ្នាំ។ គោលបំណងរបស់គម្រោងនេះ ដើម្បីបន្ថែមទឹកប្រាក់ចំនួន១ពាន់ពាន់លានបាត ឬស្មើនឹង២៧.៣២២លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ច និងជំរុញការវិនិយោគឱ្យមានចំនួន៨០០ពាន់លានបាត ឬស្មើនឹង២១.៨៤៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here