ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សកម្មភាពទិញលក់ដីធ្លីនៅតាមបណ្ដាខេត្តនានា រួមទាំងនៅភ្នំពេញ ហាក់មិនទាន់មានកំណើនខ្ពស់នៅឡើយទេ បើទិះបីជាចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះទៅហើយ។
ប៉ុន្តែបើនិយាយពីតម្លៃដីធ្លីវិញ ទោះបីជាមិនសូវមានការទិញលក់ក្ដីក៏តម្លៃដីមិនមានការធ្លាក់ចុះនោះដែរគឺនៅរក្សាលំនឹងថេរ ។
លោកកែវ សារ៉េន ប្រធានក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបងបានលើកឡើងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះបានឲ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តដំបង មិនមានការឡើងឬចុះថ្លៃទេក្នុង រយៈពេលជាងកន្លះឆ្នាំមកនេះ ហើយក៏មិនសូវមានវិនិយោគិន ពីខាងក្រៅមករកទិញដីច្រើនដូចមុនដែរ។
លោកបន្តថា “អ្នកទិញដីធ្លីនៅក្នុងខេត្តបាត់ដំបងភាគច្រើន គឺអ្នកនៅក្នុងខេត្តផ្ទាល់ ដោយមិនសូវមានអ្នកមកពីខាងក្រៅ មករកទិញនោះទេ ដូច្នេះហើយទើបអ្នកលក់ដីនៅបាត់ដំបង មានចំនួនច្រើនជាងអ្នករកទិញដី”។ លោកបន្តថា “ទោះជាយ៉ាងណាក្ដី ទោះបីជាមានអ្នកលក់ច្រើនជាងអ្នកទិញក៏ពិតក៏មិនធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ មានថមថយតម្លៃឬធ្លាក់ចុះនោះដែរ”។
លោកបន្ថែមថា ក្នុងពេលដែលពលរដ្ឋប្រកាសលក់ដី ច្រើនបែបនេះ អ្នកមានលុយអាចប្រមូលទិញដីនៅតំបន់ ដែលមានសក្ដានុពល និងទីតាំងល្អៗសម្រាប់លក់វិញនៅពេលខាងមុខ ឬទុកអភិវឌ្ឍន៍ដោយខ្លួនឯង ដូចជាសម្រាប់ធ្វើជាចំការដំណាំ ឬអភិវឌ្ឍន៍ជាផ្ទះល្វែងសម្រាប់ដី នៅទីរួមខេត្តផ្ទាល់ ។
ក្រលេកទៅមើលដីនៅតំបន់ផ្សេៗទៀត ដូចជា កំពង់ស្ពឺជាដើមក៏ឃើញថាមានអ្នកលក់ដីច្រើនដែរ ហើយតម្លៃវិញនៅតែរក្សាលំនឹងខ្ពស់ដដែល ។
លោកបូ សេងហួរ ភ្នាក់ងារនិងអ្នកវាយតម្លៃដីធ្លីមួយរូបប្រចាំខេត្តនេះបានឱ្យដឹងថា ដីខ្លះកាលពីឆ្នាំមុនតម្លៃត្រឹម១៥ដុល្លារក្នុងមួយការ៉េទេ តែឆ្នាំនេះវិញគាត់ឡើងដល់២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ទោះបីជាមិនសូវមានអ្នកស្វែងរកទិញក្ដី ។
លោកបន្តថា “តំបន់ខ្លះនៅក្នុងខេត្តនេះ គឺត្រូវកំណត់សម្រាប់ជាតំបនឧស្សាហកម្ម ហើយដីក៏បានត្រៀមរួចហើយសម្រាប់អភិវឌ្ឍន៍ ដូច្នេះហើយវានឹងមិនឡើងបន្តទៀតទេ”។ លោកបន្ថែមថា “តែយ៉ាងណាលោករំពឹងថានៅពេលខាងមុខ តម្លៃដីធ្លីមិនថានៅ ក្នុងខេត្តកំពង់ស្ពឺឬបណ្ដាខេត្តផ្សេងនឹងមានកំណើនឡើងបន្ថែមទៀត ទៅតាមស្ថានភាពសេដ្ឋកិច្ចនិងទីផ្សារនៃដីធ្លីក្នុងប្រទេសកម្ពុជាយើង”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការវិនិយោគដីធ្លីនៅកម្ពុជា មិនសូវមានផលចំណេញច្រើនដូចមុនឡើយ ដោយលោកលើកហេតុផលថា ពីមុនបើមានអ្នកទិញដី១០០នាក់នៅក្នុងទីផ្សារ បច្ចុប្បន្នចំនួនអ្នកទិញបានថយចុះ ស្របពេលអ្នកវិនិយោគរកផលចំណេញពីដីធ្លី បានកើនឡើងខ្ពស់៕