ដោយៈ សុខុម
អន្តរជាតិ: មហាយក្សចិន នៅថ្ងៃពុធ ទី៣ ខែសីហា នេះបានផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ និងបញ្ឈប់ការនាំចូលបន្លែផ្លែឈើ និងផលិតផលត្រីពីកោះនេះ ក្រោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅកោះនេះដែលក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង។
ជាការព្រមាន នៅមុនការចេញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi គយចិន បានផ្អាកការនាំចូលពីក្រុមហ៊ុនតៃវ៉ាន់ ចំនួន៣៥ ដែលជាក្រុមហ៊ុននាំចេញនាំចេញនំប៊ីស្គីត (Biscuit) និងនំប៉ាស្ទ្រី (Pastry) ចាប់តាំងពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
ទិន្នន័យគយចិន បានបង្ហាញថា ក្នុងខែមករា ដល់មិថុនា ការនាំចូលរបស់ប្រទេសចិន ពីកោះតៃវ៉ាន់ បានឈានដល់១២២,៥ពាន់លានដុល្លារ ដោយកើនឡើង៧,៣%ធៀបនឹងឆ្នាំមុន។ ទំនិញនាំចូលកំពូលៗរួមមានបន្ទះឈីប និងគ្រឿងបង្គុំសៀគ្វីអគ្គិសនី។
*ខ្សាច់ធម្មជាតិ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថា ការនាំចេញខ្សាច់ធម្មជាតិ ដែលប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការសាងសង់ និងនៅក្នុងបេតុងទៅកាន់កោះតៃវ៉ាន់ ត្រូវបានផ្អាកចាប់ពីថ្ងៃពុធ នេះតទៅ។
កាលពីខែមីនា ឆ្នាំ២០០៧ ប្រទេសចិន បានបញ្ឈប់ការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ ដោយសារតែការព្រួយបារម្ភអំពីបរិស្ថាន ដោយបម្រាមនេះមានរយៈពេល១ឆ្នាំ។ យោងតាមទិន្នន័យផ្លូវការរបស់ចិន បង្ហាញថា ជាង៩០%នៃការនាំចូលខ្សាច់ធម្មជាតិរបស់តៃវ៉ាន់ បានមកពីប្រទេសចិន ក្នុងឆ្នាំ២០០៧។
*បន្លែផ្លែឈើ និងត្រី
ទន្ទឹមនេះប្រទេសចិន ក៏បានផ្អាកការនាំចូលបន្លែផ្លែឈើ និងជលផលពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃពុធ នេះតទៅដូចគ្នា។
ចំណីអាហារ និងផលិតផលកសិកម្មកំពូលៗ ដែលមហាយក្សចិន នាំចូលពីកោះតៃវ៉ាន់ រួមមានគ្រឿងសមុទ្រ កាហ្វេ ផលិតផលទឹកដោះគោ ភេសជ្ជៈ និងទឹកខ្មេះ៕ Reuters៕