អ្នកជំនាញទីផ្សារឌីជីថលអន្តរជាតិប្រាប់វិធីប្រើប្រាស់ទីផ្សារឌីជីថលឱ្យមានប្រសិទ្ធិភាពសម្រាប់អចលនទ្រព្យ

0

ដោយៈសុផារី

ភ្នំពេញៈ សេវាកម្មទីផ្សារឌីជីថល គឺជាវិធីដែលអាជីវកម្មអាចទំនាក់ទំនងជាមួយអតិថិជន ដែលមានសក្តានុពល តាមរយៈការធ្វើទីផ្សារដោយប្រើឧបករណ៍អេឡិចត្រូនិច នៅលើទូរស័ព្ទ និងកុំព្យូទ័រ ឬអ៊ីនធឺណិតដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីម៉ែល តេឡេក្រាមជាដើម។ ល។

អតិថិជននៅកម្ពុជា កំពុងប្រើប្រាស់អ៊ីនធឺណិត ដោយអ្នកប្រើប្រាស់អ៊ីនធឺណេតមានចំនួនរាប់លាននាក់ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ តាមរយៈកំណើនខ្ពស់នេះ ធ្វើឱ្យទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំង នៅក្នុងអាជីវកម្មនានា។

លោកអាលី អគ្គនាយកក្រុមហ៊ុន NDMA Digital Media Services ដែលជាក្រុមហ៊ុនជំនាញការលើទីផ្សារឌីជីថលមួយ នៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់ Property Area Asia នៅល្ងាចថ្ងៃទី២ ខែសីហាម្សិលមិញថា “គ្រប់គ្នាងាកមកប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រ ហើយធ្វើការទិញលក់ផលិតផល និងសេវាកម្មតាមរយៈប្រព័ន្ធអនឡាញអស់ហើយ។ ជាង៨០ភាគរយ នៃអាជីវកម្មសំខាន់ៗ ត្រូវបានប្រើប្រាស់ និងប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រ”។

បើតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកអាលី នៅក្នុងទីផ្សារឌីជីថល លោកយល់ថា “បច្ចេកវិទ្យាមួយនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញការធ្វើទីផ្សារប្រកបដោយប្រសិទ្ធិភាព និងចំគោលដៅ”។ លោ​កបន្ថែមថា “ការធ្វើប្រតិបត្តិការ ទាក់ទងនឹងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកើនឡើងច្រើន។ បច្ចុប្បន្ននេះ លោកអ្នកអាចមើលតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅមើលដោយផ្ទាល់ ឬអាចទៅមើលដោយផ្ទាល់នៅពេលក្រោយបាន”។

លោកសង្កត់ធ្ងន់ថា “សម័យនេះ ប្រសិនបើមិនប្រើប្រាស់ទីផ្សារឌីជីថលទេ អាជីវកម្មអាចបាត់បង់ឱកាសក្នុងការទទួលបានអតិថិជនថ្មីៗ”។

អ្នកជំនាញទីផ្សារឌីជីថលរូបនេះ លើកឡើងថា ប្រសិនបើចង់ទទួលបានជោកជ័យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ នៅក្នុងការធ្វើទីផ្សារនៅក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន សហគ្រាស ឬបុគ្គល ត្រូវពិនិត្យមើលលើចំណុចសំខាន់ៗចំនួន០៧ចំណុច រួមមាន៖

១. ពិនិត្យម៉ាកយីហោផ្ទាល់ខ្លួន។
២. បង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ដើម្បីបង្កើនឱកាសផ្សព្វផ្សាយ ទៅកាន់ក្រុមអតិថិជនគោលដៅផ្សេងៗគ្នា។
៣. រៀបចំផែនការរាល់សកម្មភាពអាជីវកម្ម។
៤. ផ្តោតលើការផ្សព្វផ្សាយមាតិកាទីផ្សារថ្មីៗ។
៥. ពិនិត្យ តាមដានមើលគេហទំព័ររបស់ដៃគូរប្រកួតប្រជែង។
៦. ជ្រើសរើសផ្តោតលើប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលពេញនិយមបំផុត ក្នុងចំណោមអតិថិជននៅក្នុងស្រុក។
៧. ផ្តោតលើការប្រើប្រាស់ “ពាក្យគន្លឹះ” តាមប្រធានបទ និងតាមលក្ខណសម្បត្តិនៃអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការស្វែងរករបស់អតិថិជន។

លោកអាលីបន្ថែមថា បើប្រៀបធៀបនឹងការធ្វើទីផ្សារ តាមបែបបុរាណ ការធ្វើទីផ្សារឌីជីថលត្រូវចំណាយតិច និងលឿនជាងច្រើនណាស់ ហើយអាជីវកម្មត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ជាមួ​យនឹងទីផ្សារឌីជីថល យើងអាចដំណើរការការផ្សព្វផ្សាយភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here