ដោយ: លាងហួរ
ប្រទេសថៃ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Frasers Property Industrial(FPIT) នឹងចំណាយប្រាក់ចំនួន៤ពាន់លានបាត (ជាង១១២លានដុល្លារ) ដើម្បីពង្រីកឃ្លាំងថ្មី និងរោងចក្រដែលសមស្របតាមតម្រូវការ និងមជ្ឈមណ្ឌលស្តុកទុកខ្នាតតូចក្នុងទីក្រុង ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការ។
លោក Sopon Racharaksa នាយកប្រតិបត្តិបាននិយាយថា ការកាន់កាប់សរុបរបស់ខ្លួន នៅក្នុងត្រីមាសទីមួយឆ្នាំនេះ មានចំនួន៨៥ភាគរយ ខ្ពស់ជាងគោលដៅរបស់ខ្លួន៨៣ភាគរយ ដោយសារទស្សនវិស័យផ្នែកឧស្សាហកម្មមានសុទិដ្ឋិនិយម ដែលជំរុញដោយការជួលរយៈពេលខ្លី និងតម្រូវការពីអតិថិជនក្នុងវិស័យរថយន្ត និងអេឡិចត្រូនិច។
ក្រុមហ៊ុន FPIT គ្រោងនឹងចំណាយប្រាក់ចំនួន៣ពាន់លានបាតលើការអភិវឌ្ឍន៍ឃ្លាំង លើផ្ទៃដីសរុប២០ម៉ឺនម៉ែត្រការ៉េ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។
ក្រុមហ៊ុននឹងចំណាយប្រាក់ពី៤០០ទៅ ៥០០លានបាត ដើម្បីអភិវឌ្ឍរោងចក្រ ដែលសាងសង់ស្របគ្នា ជាមួយនឹងផ្ទៃដីសរុប១២០០០ម៉ែត្រការ៉េ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣។
លោក Sopon Racharaksaបាន បន្ត ថា បញ្ហា ប្រឈម គឺ ការ ចំណាយ លើ ការ អភិវឌ្ឍ កាន់តែ ខ្ពស់ ដែល បាន កើនឡើង១៥ភាគរយ ដោយសារ សង្គ្រាម នៅអ៊ុយក្រែន។
លោកបន្ថែមថា យើងត្រូវគ្រប់គ្រងការចំណាយ និងព្យាយាមចរចាជាមួយអ្នកជួល ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជួល រយៈពេលវែងជាថ្នូរនឹងអត្រាការជួលកាន់តែប្រសើរ៕