ប្រទេសកូរ៉េខាងត្បូងជំរុញឱ្យធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មដើម្បីបន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន

0

ដោយៈ លាងហួរ

សេអ៊ូលៈ ប្រទេសចិនបានក្លាយជាប្រភពចំណូលដ៏ធំ សម្រាប់សេដ្ឋកិច្ចកូរ៉េខាងត្បូង អស់រយៈពេលប្រហែល៣០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩២។

យ៉ាងណាក្តី ប្រទេសកូរ៉េខាងត្បូងចាំបាច់ត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាង ពីព្រោះសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិននៅតែបន្តកើនឡើង។ នេះបើយោងតាមអ្នកជំនាញឧស្សាហកម្ម។

ប្រទេសកូរ៉េខាងត្បូងអាចរក្សាអតិរេក ក្នុងពាណិជ្ជកម្មជាមួយចិន ដោយការនាំចេញអេក្រង់ ទូរស័ព្ទទំនើបឧបករណ៍ពាក់កណ្តាល និងគ្រឿងសម្អាង។

ក្រុមហ៊ុនកូរ៉េខាងត្បូងកំពុងបាត់បង់ការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន  ដោយសារប្រទេសចិនបានបង្កើនបច្ចេកវិទ្យា និងសមត្ថភាពផលិតរបស់ខ្លួន នៅក្នុងវិស័យទាំងនេះ។

មិនតែប៉ុណ្ណោះ ប្រទេសកូរ៉េខាងត្បូងបាន និងកំពុងនាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីកែច្នៃ  និងផលិតផលិតផលសម្រេច សម្រាប់នាំចេញទៅកាន់ប្រទេសផ្សេងៗ។ ប៉ុន្តែ កូរ៉េបានរងសម្ពាធ ក្នុងការ ធ្វើពិពិធកម្មដៃគូនាំចូលរបស់ខ្លួន ខណៈការកាត់បន្ថយសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងចិនបានកើន ឡើង។

យោងតាមទិន្នន័យរបស់សេវាគយកូរ៉េ កូរ៉េត្រូវបានគេរំពឹងថា នឹងប្រកាសឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន សម្រាប់រយៈពេលបួនខែជាប់គ្នា ក្នុងខែសីហាឆ្នាំនេះ។  ប្រទេសកូរ៉េបានជួបឱនភាពពាណិជ្ជកម្មចំនួន៦៦៧លានដុល្លារ ជាមួយប្រទេសចិន ក្នុងរយៈពេល២០ថ្ងៃដំបូង នៃខែសីហានេះ។

នៅក្នុងខែឧសភា ប្រទេសកូរ៉េបានប្រកាសឱនភាពពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួន ជាមួយប្រទេសចិន ចាប់តាំងពីខែសីហា ឆ្នាំ១៩៩៤ ដែលមានចំនួនសរុប១,០៩៩ពាន់លានដុល្លារ។  ចាប់តាំងពីពេលនោះមក សមតុល្យពាណិជ្ជកម្មរបស់កូរ៉េ ជាមួយប្រទេសចិនបានបណ្តាលឱ្យមានឱនភាពចំនួន១,២១៤ពាន់លានដុល្លារ ក្នុងខែមិថុនា និង៥៧៥លានដុល្លារ ក្នុងខែកក្កដារៀងគ្នា។

លោក Hong Ji-sang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បាននិយាយថា “ការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍបន្ថែមទៀត គឺជាដំណោះស្រាយចំពោះបញ្ហាលំបាកនេះ”។

អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ បាននិយាយថា ដើម្បីកែលម្អសមតុល្យពាណិជ្ជកម្ម ជាមួយប្រទេសចិន កូរ៉េត្រូវការធានានូវប្រព័ន្ធសង្វាក់ផ្គត់ផ្គង់ការនាំចូល ប្រកបដោយស្ថិរភាព សម្រាប់សម្ភារៈសំខាន់ៗ ដែលទាក់ទងនឹងឧស្សាហកម្ម និងដែលមានសក្តានុពលកំណើនខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here