ដោយៈ លាងហួរ
ថៃៈ ទីក្រុងកំពង់ផែធំបំផុតក្នុងប្រទេសថៃ គឺ កំពង់ផែឡែមចាបាំង (Laem Chabang) ស្ថិតក្នុងខេត្តឈុនបុរី បានបង្ហាញផែនការ ក្នុងគោលបំណងបញ្ចប់ការកកស្ទះជាច្រើនឆ្នាំ ដោយសាររថយន្តដឹកទំនិញ កាលពីថ្ងៃអង្គារម្សិលមិញនេះ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nations នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ប្រធានអាជ្ញាធរកំពង់ផែថៃ (PAT) លោក Kriengkrai Chaisiriwongsuk បាននិយាយថា ខ្លួនកំពុងសិក្សាលើការសាងសង់តំបន់ពាណិជ្ជកម្មទំហំ៩០រ៉ៃ (ប្រហែល១៤៤០០០ម៉ែត្រការ៉េ) មានទីតាំងក្នុងកំពង់ផែ សម្រាប់ចំណតរថយន្តដឹកទំនិញ សណ្ឋាគារ និងកន្លែងផ្សេងៗទៀត។
លោករំពឹងថា ការសិក្សានេះនឹងបញ្ចប់នៅឆ្នាំ២០២២នេះ ជាមួយនឹងក្រុមហ៊ុនឯកជន ដែលបានចូលរួមដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់នៅឆ្នាំ២០២៣។
លោក Kriengkrai បានឱ្យដឹងទៀតថា គម្រោងសាងសង់នេះមានគោលបំណងកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការដឹកជញ្ជូនទំនិញចូល និងចេញពីកំពង់ផែសមុទ្រតាមផ្លូវថ្នល់ ហើយកំពង់ផែនេះ នឹងផ្តល់សេវាកម្មដល់រថយន្តដឹកទំនិញជាង៣សែនគ្រឿងក្នុងមួយខែ។
អាជ្ញាធរកំពង់ផែថៃ (PAT) គ្រោងបែងចែកតំបន់មួយ ដើម្បីឱ្យអ្នកបើកបររថយន្តបានសម្រាក ខណៈពួកគេរង់ចាំការដឹកជញ្ជូន ដោយលោកបានបន្ថែមថា អ្នកបើកបរខ្លះត្រូវរង់ចាំរហូតដល់១០ម៉ោង សម្រាប់ការត្រួតពិនិត្យរបស់គយ។
បើយោងតាមមន្ត្រីរូបនេះ បានបញ្ជាក់ថា គម្រោង PAT នេះ ត្រូវបានបំផុសគំនិតដោយតំបន់ពាណិជ្ជកម្ម នៅកំពង់ផែសមុទ្រធំៗ ក្នុងប្រទេសហូឡង់ ចិន ហុងកុង និងសិង្ហបុរី។
លោកបន្ថែមថា ថវិកាសាងសង់នឹងត្រូវពិនិត្យឡើងវិញ នៅពេលក្រុមហ៊ុនឯកជនបង្ហាញការចាប់អារម្មណ៍ក្នុងការដេញថ្លៃ។ ការអភិវឌ្ឍកំពង់ផែឡែមចាបាំង ដំណាក់កាលទី៣ ជាផ្នែកមួយនៃគម្រោងតម្លៃ៦៥៥ពាន់លានបាត ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC)។
ការធ្វើឱ្យប្រសើរឡើងរបស់ EEC ក៏រួមបញ្ចូលផងដែរ នូវផ្លូវរថភ្លើងល្បឿនលឿនរវាងអាកាសយានដ្ឋានចំនួនបី ការអភិវឌ្ឍន៍ព្រលានយន្តហោះ U-tapao និងដំណាក់កាលទី៣នៃកំពង់ផែឧស្សាហកម្ម Map Ta Phut៕