លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការធម្មនុញ្ញថៃផ្អាកមុខតំណែងនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន

0

បាងកក៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានបង្គាប់ឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីមុខតំណែងជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការបានទទួលយក ញត្តិរបស់បក្សប្រឆាំងដែលទាមទារ ឱ្យមានការសម្រេចទៅលើ រយៈពេលកាន់អំណាចរបស់លោក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ គឺជាអគ្គមេបញ្ជាការយោធា នៅពេលដែលលោកបានដឹកនាំ ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះ លោកបានដឹកនាំប្រទេស ក្នុងនាមជាប្រមុខរបបយោធា ហើយបន្ទាប់មក លោកក៏បានក្លាយជា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៉ីវិល នៅឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសកល។ ការបោះឆ្នោតសកលបន្ទាប់ទៀត ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣។

ប៉ុន្តែនាពេលថ្មីៗនេះ គណបក្សប្រឆាំងភឿថៃ (Pheu Thai) បានដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ធ្វើការសម្រេចថាតើលោក ប្រាយុទ្ធ អាចកាន់អំណាចបានយូរប៉ុនណាឱ្យប្រាកដ។ ខាងក្រុមប្រឆាំងបានលើកឡើងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៤ គឺប៉ុន្មានខែក្រោយរដ្ឋប្រហារយោធា ដូច្នេះហើយវាគួរតែបញ្ចប់ទៅវិញ នៅមុនដំណាច់ខែនេះ ក្រោយគ្រប់៨ឆ្នាំ។ យោងតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្រ្តី អាចកាន់អំណាចបានយូរបំផុតសរុបត្រឹម៨ឆ្នាំ។

ដោយឡែក ក្រុមអ្នកគាំទ្រមួយចំនួនបានប្រកែកថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក គឺទើបតែបានចាប់ផ្តើមនៅឆ្នាំ២០១៧ ជាពេលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬក៏ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលមានន័យថា លោក ប្រាយុទ្ធ គួរតែត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាច រហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោកនៅទទួលបាន សំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា។

លោក ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ នឹងត្រូវផ្អាកពីតួនាទីរហូតទាល់តែដល់ពេល តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពាក់ព័ន្ធ រយៈពេលកាន់អំណាចរបស់លោក។ ដូច្នេះហើយ កំលុងចន្លោះពេលនេះ ឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) វ័យ៧៧ឆ្នាំ ទំនងនឹងត្រូវឡើងជា នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here