តម្លៃដីធ្លីឡើងថ្លៃខ្ពស់អាស្រ័យកត្តាច្រើន មិនអាស្រ័យលើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធមួយមុខនោះទេ

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗរបស់រដ្ឋាភិបាល​ តែង​ផ្តល់អត្ថប្រយោជន៍ ដល់ទីផ្សារអចលនទ្រព្យ ហើយ​​ជាទូទៅអ្នកវិនិយោគតែងចាប់យកឱកាសពីការ​ឡើងថ្លៃនៃដីធ្លីពីការអភិវឌ្ឍ​គម្រោងធំៗទាំងនោះ។​ យ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបបញ្ជាក់ថា ការលើកឡើងនៃតម្លៃដីធ្លីអាស្រ័យ ដោយកត្តាច្រើន មិនមែនតែលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលមួយមុខនោះទេ។

លោក ខាត់ សុវណ្ណ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cam Top Property បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះថា កត្តាដែលអាចជំរុញតម្លៃដីធ្លីនៅក្នុងទីតាំងណាមួយ មិនមែនអាស្រ័យតែថា ដីធ្លីស្ថិតនៅជាប់គម្រោងធំៗនោះទេ តែជំរុញដោយកត្តាជាច្រើនរួមគ្នា ដូចជា សណ្ឋាននៃដីធ្លី ទំហំ ទីតាំង ការប្រើប្រាស់ ឱកាសនៃការអភិវឌ្ឍ ជាដើម។

 

លោកមានប្រសាសន៍ថា “មិនមែនគម្រោងទាំងអស់នឹងជំរុញឱ្យតម្លៃដីធ្លីទាំងនោះឡើងថ្លៃនោះទេ។ សំខាន់បំផុត យើងត្រូវមើលលើទីតាំង ស្ថានភាពទីតាំង និងគម្រោងនៅជិតទីតាំង ឬនៅជាប់ទីតាំងប៉ុណ្ណា។ ឧទាហរណ៍ ដីធ្លីនៅកណ្តាលស្ទឹង អ្នកវាយតម្លៃយកគម្រោងអ៊ីអន៣ ទៅអះអាងពេក ក៏មិនអាចបានផលនោះដែរ”។

លោកសង្កត់ធ្ងន់ថា “គម្រោងមួយចំនួន ដែលស្ថិតនៅក្នុងផែនការរបស់រដ្ឋាភិបាល តែមិនទាន់ចេញជារូបរាងនៅឡើយ វានៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ”។

 

លោកលើកយកករណីសិក្សា ដីធ្លីមួយកន្លែង ដែលមានទីតាំងកាត់គម្រោងធំមួយ ដែលជាក់ស្តែង គម្រោងធំមួយនោះបានកាត់ចំពីលើដីធ្លីនោះ រហូតដល់នៅសល់ទំហំដីតូច ដែលមិនអាចអភិវឌ្ឍអ្វីបានច្រើន ដែលនេះបានប្រែក្លាយ “ឱកាសទៅជាផលអវិជ្ជមាន” ក្នុងការទិញលក់ និងជំរុញតម្លៃដីធ្លីទៅវិញ។

 

លោកបញ្ជាក់ថា “អញ្ចឹង មិនប្រាកដថា គម្រោងទាំងអស់សុទ្ធតែធ្វើឱ្យតម្លៃដីឡើងនោះទេ តែអាស្រ័យលើសណ្ឋានទ្រព្យ ទីតាំង ការប្រើប្រាស់ ឱកាសរបស់វា”។

ក្នុងន័យនេះ អ្នកជំនាញអចលនទ្រព្យរូបនេះលើកទឹកចិត្តឱ្យការវាយតម្លៃដីធ្លីនៅក្នុងទីតាំងណាមួយ ទាមទារឱ្យមានការចុះសិក្សាលម្អិតនៅក្នុងទីតាំងនោះ សិក្សាពាក់ព័ន្ធនឹងគម្រោងឯកជន គម្រោងរបស់រដ្ឋ ដែលចេញពីស្ថាប័នដែលគួរឱ្យទុកចិត្តបាន។

 

ជាមួយគ្នានេះ លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះថា កត្តាចំនួនពីរបានជំរុញឱ្យតម្លៃអចលនទ្រព្យមានការកើនឡើង រួមមាន ទី១ ស្ថិតិប្រជាជន ទី២ ដំណើរការអាជីវកម្ម និងការអភិវឌ្ឍនៅក្នុងតំបន់។

 

លោកបញ្ជាក់ថា “តំបនណាមានប្រជាជនរស់នៅច្រើន មានសកម្មភាពអាជីវកម្មខ្លាំង បូករួមការអភិវឌ្ឍ នោះតំបន់នោះនឹងមានការឡើងថ្លៃអចលនទ្រព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here