តម្លៃលំនៅដ្ឋាននៅទីក្រុងធំជាងគេបំផុត Yangon របស់មីយ៉ាន់ម៉ាហក់ឡើងកប់ពពកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុង Yangon ដែលជាទីក្រុងធំជាងគេបំផុតមួយក្នុងប្រទេសមីយ៉ាន់ម៉ាបន្តរក្សាបានគន្លងវិជ្ជមាន ដោយសារកត្តានគរូបនីយកម្ម និងការធ្លាក់ថ្លៃចុះនៃរូបិយបណ្ណក្នុងស្រុក។

ជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ាបានចាត់ទុកការវិនិយោគអចលនទ្រព្យជាជម្រើសល្អប្រកបដោយសុវត្ថិភាព ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយក្នុងស្រុក បន្ទាប់ពីរដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ខុនដូទំហំ៦០ម៉ែត្រការ៉េនៅចំកណ្តាលទីក្រុង Yangon មានតម្លៃជាមធ្យមចំនួន៩៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ហក់ឡើង១០០ភាគរយ បើប្រៀបធៀបនឹងតម្លៃកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ អាផាតមុិនទំនើបទំហំ៧៥ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន១៤៣.០០០ដុល្លារក្នុងមួយយូនីត កើនឡើង៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី២០២៤។ ចំណែក ផ្ទះ Penthouse ទំហំ១០០ម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន២៣៨.០០០ដុល្លារ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ ទីផ្សារអចលនទ្រព្យស្ថិតនៅទីក្រុង Yangon សម្រេចបាននូវសន្ទុះយ៉ាងរឹងមាំ។ លើសពីនេះ តម្លៃលំនៅដ្ឋាននៅទីក្រុងរណបថ្មីបានកើនឡើងយ៉ាងលឿនបំផុតក្នុងរយៈពេល២ឆ្នាំ។

ប្រជាជនមីយ៉ាន់ម៉ាបានងាកទៅរកការវិនិយោគអចលនទ្រព្យកាន់តែច្រើនឡើង ក្រោយឆ្នាំ២០២១ ខណៈអចលនទ្រព្យជាទ្រព្យសកម្មដ៏មានសុវត្ថិភាពក្នុងអំឡុងពេលមានហានិភ័យនយោបាយ។ ការដាំក្បាលចុះនៃរូបិយបណ្ណក្នុងស្រុកពីក្នុងរង្វង់១.៥០០គីយ៉ាត(Kyat) មកនៅត្រឹម៧.០០០គីយ៉ាតក្នុងមួយដុល្លារបានធ្វើឱ្យការទិញអចលនទ្រព្យក្នុងប្រទេសនេះមានភាពទាក់ទាញ។

ជាមួយគ្នានោះ អាផាតមុិន ដែលមានតម្លៃសមរម្យក្រោម១០០លានគីយ៉ាត បានហក់ឡើងថ្លៃក្នុងរង្វង់១០ភាគរយជារៀងរាល់ឆ្នាំ។ កាលពីឆមាសទី១ ឆ្នាំនេះ អាផាតមុិនទាំងនោះមានតម្លៃចន្លោះពី៧០លានគីយ៉ាតទៅ១០០លានគីយ៉ាតក្នុងមួយយូនីត បើធៀបនឹងតម្លៃចន្លោះពី៣០លានគីយ៉ាតទៅ៤០លានគីយ៉ាតក្នុងមួយយូនីតកាលពីឆ្នាំ២០២០៕ប្រភព: Bamboo Routes៕

LEAVE A REPLY

Please enter your comment!
Please enter your name here