ក្រុមហ៊ុនផលិតវ៉ាក់សាំងModerna ប្តឹង Pfizer និងBioNTechថាបានចម្លងបច្ចេកវិទ្យាអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ដំបូង

0

 ដោយៈ សុផារី

អន្តរជាតិៈ  ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានប្តឹងក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ចំពោះការរំលោភប៉ាតង់ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ដំបូង។

ក្រុមហ៊ុនModernaបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរបានចម្លងបច្ចេកវិទ្យាដែល Moderna បានបង្កើតជាច្រើនឆ្នាំ មុនពេលជំងឺរាតត្បាតអុកឡុកពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា បណ្តឹងនេះ បានបង្កើតឱ្យមានការប្រជែងគ្នាកម្រិតខ្ពស់ រវាងក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ឈានមុខគេ ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Moderna ជឿជាក់ថាវ៉ាក់សាំងកូវីដ១៩ Comirnaty របស់Pfizer និងBioNTech បានរំលោភលើប៉ាតង់ ដែលModerna បានដាក់នៅចន្លោះឆ្នាំ២០១០ និង២០១៦ ដែលគ្របដណ្តប់លើបច្ចេកវិជ្ជាគ្រឹះ mRNA របស់ Moderna”។

Moderna បានចោទប្រកាន់ថា “Pfizer និង BioNTech បានចម្លងបច្ចេកវិជ្ជានេះ ដោយគ្មានការអនុញ្ញាតពី Moderna ដើម្បីបង្កើតវ៉ាក់សាំង Comirnaty”។

ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា ពួកគេបានដឹងពីវិវាទនេះ ហើយក្រុមហ៊ុននីមួយៗ បានចេញសេចក្តីថ្លែងការណ៍បដិសេធរាល់ការប្រព្រឹត្តខុស។

ក្រុមហ៊ុនបាននិយាយថា ការងាររបស់ BioNTech គឺមានលក្ខណៈដើម ហើយយើងនឹងការពារយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការចោទប្រកាន់ទាំងអស់អំពីការរំលោភប៉ាតង់ ដោយបន្ថែមថាខ្លួន” គោរពសិទ្ធិកម្មសិទ្ធិបញ្ញា ដែលមានសុពលភាព និងអាចអនុវត្តបានរបស់អ្នកដទៃ”។

យ៉ាងណាក្តី Pfizer បានសន្យាថានឹង ការពារយ៉ាងខ្លាំងក្លាប្រឆាំងនឹងការចោទប្រកាន់នៃបណ្តឹងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here