ដោយ៖ សុផារី
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំឱ្យមានការចូលរួមពីក្រុមហ៊ុនអាមេរិក លើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើនបន្ថែម។
ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកជំទាវ Carol Miller ដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីទទួលបានព័ត៌មាន និងស្ថានការណ៍ពិតជាក់ស្តែងនៃការអភិវឌ្ឍនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចដោយសេរី កម្ពុជាត្រូវការការគាំទ្រគ្រប់បែបយ៉ាង រួមទាំងការគាំទ្រផ្នែកធនធាន ហិរញ្ញវត្ថុ ចំណេះដឹង និងចំណេះធ្វើ ដើម្បីទាក់ទាញវិនិយោគពីបរទេស។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ជំនួបនេះគឺជាដំណើរទស្សនកិច្ចមួយដែល អនុញ្ញាតឱ្យគណៈប្រតិភូ សមាជិកសភាអាមេរិក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គម ជាពិសេស បានឃើញជាក់ស្ដែងនូវជីវភាពរស់នៅសម្បូរសប្បាយ របស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ខុសពីអ្វីដែលបានលើកឡើងដោយមតិជំទាស់មួយចំនួន។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាង ច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣តាម ស្តង់ដារអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិនៅកោះកុង ដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចបន្ថែមទៀត។
ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមានការចូលរួមពី ក្រុមហ៊ុនអាមេរិក លើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដោយហេតុថា កន្លងមក កម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកមកបណ្តាក់ទុនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅឡើយទេ។ លោកបានលើកឡើងផងដែអំពីបញ្ហាទាក់ទងភាព គ្មានការរើសអើងពាក់ព័ន្ធនឹងប្រភពនៃការផ្ដល់ហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការ គ្រប់គ្រងបំណុលបានល្អ។
គណៈប្រតិភូបានចាប់អារម្មណ៍លើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបានរំពឹងទុក មុនអញ្ជើញមកដល់កម្ពុជា និងបានគូសបញ្ជាក់អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា ហ្គាស និងថាមពល(LPNG) និងការវិនិយោគលើវិស័យកំពង់ផែ។
លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋអាមេរិក ដែលមាន បំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហ និងត្រៀមខ្លួនសម្របសម្រួលដល់ក្រុមហ៊ុនធុរកិច្ចអាមេរិក ដែលមកវិនិយោគនៅកម្ពុជា៕