ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលមិនចូលអន្ទាក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឡើយ ដោយសម្តេចដឹងថា អ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំង ដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា “ឥឡូវខ្ញុំគួរតែនិយាយទៅកាន់ឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជាបងប្អូនអ្នកដែលគាំទ្រខ្ញុំ ដែលយប់មិញនេះ បានបង្ហាញពីកំហឹងពុះកញ្ជ្រោលអំពីសារដ៏ធ្ងន់ធ្ងរ ដែលឯកឧត្ដម ខឹម វាសនា បានធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វរហូតអាខ្វាក់”។
សម្តេចបន្តថា “ជាបន្ទាន់ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឲ្យសោះ”។
សម្ដេចតេជោ បានបន្ថែមថា “សូមកុំមើលមួយជ្រុង បងប្អូនយើងមើលមួយជ្រុង វាយមកខ្ញុំ តាម Whats app ផង តាម Telegram ផងថា ទ្រាំមិនបានទេ ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ។ ធ្វើនយោបាយ កុំមើលតែជ្រុងតែម្ខាង ត្រូវមើលព្រៃទាំងមូល កុំមើលតែឈើមួយដើម”៕