សណ្ឋាគារល្បីល្បាញមួយនៅកម្ពុជាបោះជំហានទៅវិនិយោគសណ្ឋាគារបែបផ្សងព្រេងនៅក្នុងប្រទេសអាស៊ីមួយ

0

 ដោយៈ សុផារី

នេប៉ាល់ៈ ក្រុមហ៊ុនHMD Asia បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Sherpa Hospitality Group ដែលមានមូលដ្ឋាននៅទីក្រុង Kathmandu ដើម្បីបើកសណ្ឋាគារសិន្តាមុន្នី (Shinta Mani) ដំបូងគេនៅក្រៅប្រទេសកម្ពុជា គឺបានឈានជើងទៅកាន់ប្រទេសនេប៉ាល់។

សណ្ឋាគារសិន្តាមុន្នី (Shinta Mani) មានវត្តមាននៅខេត្តសៀមរាបដំបូងនៅក្នុងឆ្នាំ២០១៣ ក្រោយពីបំលែងខ្លួនពីផ្ទះសំណាក់មួយ ដែលមាន១៨បន្ទប់ ទៅជាសណ្ឋាគារឈរនៅលំដាប់ផ្កាយ នៅក្នុងប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ បណ្តាញរបស់សណ្ឋាគារសិន្តាមុន្នី (Shinta Mani) គឺផ្ទះលម្ហែបែបជំរំធម្មជាតិShinta Mani Wild បានជាប់ឈ្មោះក្នុងចំណោមផ្ទះលម្ហែ ដ៏ប្រណីតបំផុតទាំង៨នៅអាស៊ីផងដែរ។

Shinta Mani Mustang នៅក្នុងប្រទេសនេប៉ាល់ មានចំនួន២៩បន្ទប់ ដែលជាផ្ទះសម្រាកលំហែកាយដ៏ប្រណីត Bensley Collection គ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

សម្រាប់ភាសាទីបេ “Mustang” មានន័យថា “វាលនៃសេចក្តីប្រាថ្នា (Plain of Aspiration)” ហើយត្រូវបានជ្រើសរើស សម្រាប់ជាឈ្មោះសណ្ឋាគារនេះ ដោយសារវាមានព្រំប្រទល់ជាប់ខ្ពង់រាបទីបេ ជាមួយនឹងរយៈកម្ពស់ពី១.៣៧២ ទៅ ៨.១៦៧ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

បន្ទប់នីមួយៗ ត្រូវបានរចនាឡើងតាមរចនាប័ទ្ម នៃផ្ទះប្រពៃណីទីបេ ដែលមានបន្ទប់គេង បើកចំហរួមបញ្ចូលគ្នា ជាមួយកន្លែងទទួលភ្ញៀវ និងបន្ទប់ទឹកដាច់ដោយឡែកមួយ ព្រមជាមួយនូវទេសភាពនៃភ្នំ Nilgiri ។

លោក Bill Bensley ស្ថាបត្យករ និងជាសហស្ថាបនិកនៃសណ្ឋាគារសិន្តាមុន្នី (Shinta Mani) បានមានប្រសាសន៍តាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញានេះថា “នេះប្រហែលជាគម្រោងដ៏គួរឱ្យរំភើបបំផុតមួយ ដែលយើងមិនធ្លាប់មានពីមុនមក”។ លោកបន្តថា “ខ្ញុំមិនដែលឃើញទេសភាពដ៏អស្ចារ្យដូចជាភ្នំ និងជ្រលងភ្នំ Mustang នោះទេ ហើយខ្ញុំពិតជារំភើប ដែល Shinta Mani អាចក្លាយជាអ្នក ដែលណែនាំប្រទេសនេះទៅកាន់អ្នកផ្សងព្រេងអន្តរជាតិដំបូងគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here