ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រសំណើររបស់លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ក្នុងការចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន គំនិតផ្ដួចផ្ដើមនៃតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា។
លោក Tan Sri Michael Yeoh បានលើកឡើងសំណើរទាំង៣ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។
នៅក្នុងជំនួបនេះ លោក Tan Sri Michael Yeoh បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងជោគជ័យលើការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាព ធ្វើឲ្យប្រទេសកម្ពុជាជាកន្លែងទាក់ទាញ ប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោក Tan Sri Michael Yeoh បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺទីមួយគោរពស្នើសុំការគាំទ្រ និងអនុញ្ញាត ចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចំបង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័ន ព្រមទាំងវិស័យផ្សេងៗ។ ទីពីរគឺស្នើសុំការគាំទ្រលើគំនិតផ្ដួចផ្ដើម ឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា ដែលមូលនិធិនេះគឺសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសវិស័យ IT បញ្ញាសុប្បនិមិត្ត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រចំពោះការចាប់ផ្ដើមបង្កើត និងដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ាន ចង់ធ្វើគួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយអំពីលទ្ធផលការងាររបស់អាស៊ានផង។
សម្ដេចតេជោ ហ៊ុន សែន ក៏គាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែកកិច្ចផ្ដួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើរបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះគឺសំណើឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕