ដោយ៖ សុផារី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពេលនេះ កម្ពុជាបានត្រៀមផលិតនាឡិកានៅក្នុងប្រទេសចំនួន២៥គ្រឿងដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាការដូសម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ផលិតនាឡិកាម៉ាក Made in Cambodia ចំនួន២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសដៃគូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទោះបីនៅរាធានីភ្នំពេញមិនបានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្ដែសម្ដេចក៏បានបើកឱកាសឱ្យ បណ្ដាលខេត្តនានាប្រារព្ធពិធីអុំនៅខេត្តរបស់ខ្លួន។ សម្ដេចតេជោ រៀបរាប់ថា មូលហេតុនៅរាជធានីភ្នំពេញមិនបានប្រារព្ធពិធីអុំទូក ដោយសារតែកម្ពុជាជាប់រវល់ប្រជុំអាស៊ាន ដូច្នេះត្រូវការពារថ្នាក់ដឹកនាំបណ្ដាប្រទេសនានា ដែលអញ្ជើញមកប្រទេសកម្ពុជា ដើម្បីប្រជុំអាស៊ាន។
សម្ដេចតេជោ បានបញ្ជាក់ថា “យើងផលិតនាឡិការហូតដល់២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូល និងសា្ថប័នកំពូលផងដែរ។ ដាក់អាស៊ានតែម្ដង នាឡិកាម៉ាក Made in Cambodia ប៉ុន្តែផលិតនៅកម្ពុជា ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្ននេះ អាចផលិតបាននាឡិកា ហើយខ្ញុំនឹងចែកជាកាដូជូនចំពោះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ហើយថ្ងៃនោះខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង”។
សម្ដេចតេជោ បន្ថែមថា អាស៊ានមានតែ១០ទេ ប៉ុន្ដែមានដៃគូច្រើន និងប្រធានស្ថាប័នពិភពលោកដូចជា ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិIMF ប្រធានធនាគារADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក៕