កម្ពុជាផលិតនាឡិកាចំនួន២៥គ្រឿង “ម៉ាកអាស៊ាន” ជាការដូជូនថ្នាក់ដឹកនាំបណ្តាប្រទេសនានាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

ដោយ៖ សុផារី

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់ថា ​ពេល​នេះ ​កម្ពុជា​បាន​ត្រៀម​ផលិត​នាឡិកា​នៅ​ក្នុង​ប្រទេស​ចំនួន​២៥​គ្រឿង​ដាក់​ម៉ាក​អាស៊ាន ដើម្បី​ធ្វើ​ជា​ការ​ដូ​សម្រាប់​មេដឹកនាំ​បណ្តា​ប្រទេស​ធំ​ៗ និង​ប្រទេស​នានា​ចូល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២​នេះ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ​បាន​គូសបញ្ជាក់​ផលិត​នាឡិកា​ម៉ាក Made in Cambodia ចំនួន​២៥​គ្រឿង សម្រាប់​ចែក​ជា​កាដូ​ជូន​ថ្នាក់ដឹកនាំ​កំពូល​ៗ នៃ​បណ្តា​ប្រទេស​ដៃគូ​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុ​ជានា​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ទោះបី​នៅ​រា​ធានី​ភ្នំពេញ​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ក៏​ដោយ ប៉ុន្ដែ​សម្ដេច​ក៏​បាន​បើកឱកាស​ឱ្យ បណ្ដាល​ខេត្ត​នានា​ប្រារព្ធ​ពិធី​អុំ​នៅ​ខេត្ត​របស់​ខ្លួន​។ សម្ដេច​តេ​ជោ រៀបរាប់​ថា មូលហេតុ​នៅ​រាជធានី​ភ្នំពេញ​មិន​បាន​ប្រារព្ធ​ពិធី​អុំទូក ​ដោយសារ​តែ​កម្ពុជា​ជាប់រវល់​ប្រជុំ​អាស៊ាន ដូច្នេះ​ត្រូវ​ការពារ​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​នានា ​ដែល​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដើម្បី​ប្រជុំ​អាស៊ាន​។

សម្ដេច​តេ​ជោ បានបញ្ជាក់​ថា “​យើង​ផលិត​នាឡិកា​រហូត​ដល់​២៥​គ្រឿង សម្រាប់​ថ្នាក់ដឹកនាំ​កំពូល និង​សា្ថ​ប័ន​កំពូល​ផង​ដែរ​។ ដាក់​អាស៊ាន​តែ​ម្ដង នាឡិកា​ម៉ាក Made in Cambodia ប៉ុន្តែ​ផលិត​នៅ​កម្ពុជា ឱ្យ​គេ​ដឹង​ថា ខ្មែរ​បច្ចុប្បន្ន​នេះ អាច​ផលិត​បាន​នាឡិកា ហើយ​ខ្ញុំ​នឹង​ចែក​ជា​កាដូ​ជូន​ចំពោះ​ប្រមុខរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ថ្ងៃ​នោះ​ខ្ញុំ​នឹង​ពាក់​នាឡិកា​ម៉ាក​អាស៊ាន​តែ​ម្ដង​”​។

សម្ដេច​តេ​ជោ បន្ថែម​ថា អាស៊ាន​មាន​តែ​១០​ទេ ប៉ុន្ដែ​មាន​ដៃគូ​ច្រើន និង​ប្រធាន​ស្ថាប័ន​ពិភពលោក​ដូច​ជា ប្រធាន​ធនាគារពិភពលោក អគ្គនាយក​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF ប្រធាន​ធនាគារ​ADB អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here