ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើក្រុមហ៊ុនចិន ដែលកំពុងសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឱ្យពន្លឿនការងារឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។
ក្រុមហ៊ុនចិនទាំងពីរនោះ រួមមាន ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ជាមួយតំណាងក្រុមហ៊ុនតាំងពីរ ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។
លោកទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀតលើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនគម្រោងសិក្សានេះឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកផ្ទៃក្នុងប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិបានកាន់តែងាយស្រួលផងដែរ។
ភាគីទាំងពីរបានពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្ដូរមតិយោបល់លើទិន្នន័យ និងព័ត៌មានទាក់ទងនឹងការងារបច្ចេកទេសផ្លូវទឹក ការសិក្សា និងការវាយតម្លៃចាំបាច់លើផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច ផងដែរ៕