ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ ការងើបឡើងវិញ និងស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺរាតត្បាតនៅកម្ពុជា ពឹងផ្អែកមួយផ្នែកធំលើអំណោយផលនៃបរិយាកាសការធ្វើអាជីវកម្ម ការធ្វើដំណើរ និងទេសចរណ៍ ដែលបានជំរុញឱ្យអាជីវកម្មទេសចរណ៍ជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។
ក្នុងនោះ សណ្ណាគារលំដាប់ពិភពលោកមួយ គឺ Six Senses Krabey ដែលមានទីតាំងនៅលើកោះក្របី ខេត្តព្រះសីហនុ គ្រោងចាប់ផ្តើមបើកដំណើរការសកម្មភាពឡើងវិញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដោយផ្តោតជាថ្មីលើបទពិសោធន៍ផ្តោតលើសហគមន៍ ដើម្បីទទួលបានបទពិសោធន៍ជាមួយអ្នកស្រុក ធម្មជាតិ និងសត្វព្រៃ។
យោងតាមគេហទំព័រ Hospitality.Net ចេញផ្សាយនៅចុងសប្តាហ៍មុនបានឱ្យដឹងថា ក្រៅពីរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ប្រទេសកម្ពុជាក៏សំបូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់អភិរក្សសំខាន់ៗ និងតំបន់បេតិកភណ្ឌ និងវប្បធម៌សំខាន់ៗជាច្រើន ដែលភាគច្រើនអាចចូលទៅដល់បានយ៉ាងងាយស្រួលពីកោះ Six Senses Krabey។
រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របីនៃខេត្តព្រះសីហនុ (ធ្វើដំណើរប្រមាណជា៣០នាទីពីព្រលានយន្តហោះកងកេង) ហើយគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណជា១៥ហិកតានៃកោះដែលបានវិនិយោគដោយក្រុមហ៊ុន RPB Investment។ ការរចនារមណីយដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាពសំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។
អ្នកគ្រប់គ្រងទូទៅ Ateeb Shrestha មាននិយាយថា “ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ សីតុណ្ហភាពត្រជាក់បន្តិច សំណើមទាប និងពន្លឺថ្ងៃយូរ ធ្វើឱ្យវាជាពេលវេលាដ៏ល្អសម្រាប់ទស្សនា”។ លោកបន្តថា “ក្នុងរដូវប្រាំង អ្នកអាចរីករាយនឹងយូហ្គាពេលព្រឹកនៅលើដំបូលព្រះពន្លា ឬជិះកង់ជុំវិញកន្លែងហាត់ប្រាណនៅលើកោះ ទស្សនាប្រាសាទ ឡើងភ្នំ ឬដើរលេង ឬសម្រាកលំហែកាយ និងងូតទឹកអាំងថ្ងៃនៅពេលថ្ងៃ ហើយរីករាយនឹងការទទួលទានអាហារនៅលើផ្លូវដើរ ឬរាត្រីភាពយន្តរបស់យើងក្រោមផ្កាយនៅពេលយប់។
រមណីយដ្ឋាន Six Senses គឺជាសមាជិកមួយរបស់ Six Senses Hotels Resorts Spas ដែលបច្ចុប្បន្នក្រុមហ៊ុនេះមានសណ្ឋាគារនិងរមណីយដ្ឋានជាច្រើនកន្លែងក្នុងប្រទេសចំនួន ២១ ក្នុងទូទាំងពិភពលោក៕