ដោយ: លាងហួរ
វៀតណាម: ក្រសួងដឹកជញ្ជូនវៀតណាម បានដាក់ជូនរបាយការណ៍សិក្សាលទ្ធភាពសម្រាប់ការអនុវត្តការសាងសង់ផ្លូវពីរខ្សែ ឆ្លងកាត់ខេត្ត Kiên Giang និងខេត្ត Bạc Liêu ក្រោមគម្រោងផ្លូវល្បឿនលឿន Hồ Chí Minh ប្រវែង២.៧៧៤គីឡូម៉ែត្រ។
យោងតាមជម្រើសដែលបានស្នើឡើងដោយក្រសួង ផ្លូវទាំង២ខ្សែនឹងមានប្រវែងសរុបជិត៥២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវប្រហែល៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្ត Kiên Giang។
ទំហំវិនិយោគសរុបនៃផ្លូវទាំងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិការដ្ឋប្រមាណ៣,៩ពាន់ពាន់លានដុង (ស្មើនឹង១៦៣លានដុល្លារអាមេរិក) ហើយគម្រោងសាងសង់នេះតម្រូវលើផ្ទៃដីទំហំ៩៦ហិកតា ហើយទាមទារឱ្យមានការផ្លាស់ប្តូរទីលំនៅចំនួនជាង១៨០គ្រួសារ។
យោងតាមផែនការបណ្តាញផ្លូវជាតិ ក្នុងដំណាក់កាលឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យសម្រាប់ឆ្នាំ២០៥០ បានបង្ហាញថា ផ្លូវនេះនឹងមាន០២គន្លង អនុញ្ញាតិឱ្យបើកបរដោយល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែក ការបោសសំអាតទីតាំង និងការតាំងទីលំនៅថ្មីសម្រាប់ផ្នែកនានា ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តក្នុងរយៈពេល២ឆ្នាំ (ឆ្នាំ២០២២-២០២៣) ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ និងបញ្ចប់នៅឆ្នាំ២០២៥។
ផ្លូវទាំងពីរខ្សែនេះនឹងជួយសម្រួល ដល់ការធ្វើពិពិធកម្មការដឹកជញ្ជូន លើកកម្ពស់ចរាចរទំនិញ និងការដឹកជញ្ជូនអ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន ធានាសុវត្ថិភាពចរាចរណ៍ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅក្នុងខេត្តដីសណ្តមេគង្គ Cửu Long ។
គម្រោងផ្លូវល្បឿនលឿន Hồ Chí Minh គឺជាការងារដ៏សំខាន់មួយ ដែលមានសារៈសំខាន់ខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ការការពារជាតិ-សន្តិសុខ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ៕