លោកឧកញ៉ាគីម ហ៊ាងសាងសង់បុរីជាមួយទំនុកចិត្ត ទោះបីស្ថិតក្នុងវិបត្តិ

0

 ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ជាមួយនឹងទំនុកចិត្ត ស្គាល់ទីផ្សារច្បាស់លាស់ និងមើលឃើញឱកាសក្នុងវិបត្តិ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសាងសង់បុរីចំនួនពីរ ក្នុងអំឡុងពេលដែលអ្នកអភិវឌ្ឍន៍ជាច្រើន បានផ្អាកនិងពន្យាពេលគំរោងរបស់ខ្លួន។

បុរីទី១ គឺKS Residences ដែលមានទីតាំងនៅស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ដែលបុរីនេះលក់បានជោគជ័យលើសការរំពឹងទុក ទោះស្ថិតក្នុងបរិបទនៃវិបត្តិកូវីដក្តី និងបុរីទី២ មានទំហំធំរហូតដល់២៥ហិកតា និងជាបុរីមួយ ដែលផ្តោតលើលំនៅដ្ឋានសម្រាប់ក្រុមអភិជន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាប្រធា​នក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងពេលមានវវិបត្តិ លោកមើលឃើញជាឱកាស ព្រោះ វាជាពេលដែលផ្តល់ឲ្យនូវប្រាក់ចំណេញច្រើន ដោយសារពេលមានវិបត្តិសម្ភារៈសំណង់ចុះថ្លៃ តម្លៃពលកម្មថោក ព្រោះមនុស្សភាគច្រើនមិនសូវហ៊ាន​ចាប់ឱកាសនៅពេលនេះទេ។

លោកឧកញ៉ាបានបន្តថា “នៅពេលមានវិបត្តិ ហើយយើងនៅតែ​សាងសង់ នៅតែវិនិយោគ វានឹងបញ្ជាក់ថា អ្នកណាខ្លាំងពិតប្រាកដ”។ លោកបន្ថែមថា “ដូច្នេះទើបខ្ញុំចាប់ឱកាសក្នុងវិបត្តិ និងមិនសូវចាប់ឱកាសនៅពេលដែលគ្រប់គ្នា មើលឃើញជាឱកាសនោះទេ ព្រោះពេលនោះ ជាពេលដែលមានផលចំណេញតិច”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បុរី វិមានសំណាង លើផ្ទៃដី ២៥ហត មានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ ដែលយើងនឹងថែនាំអោយបានល្អ និងស្អាត ដើម្បីជាផលប្រយោជន៌រួមសម្រាប់បងប្អូន ពុកម៉ែ ពូមីង និងមិត្តភក្តិ ដែលរស់នៅក្នុងបុរី វិមានសំណាង។

លោកបន្តថា “នៅពេលទាំងអស់គ្នាពិបាកលក់ ខ្ញុំនៅតែលក់បានជាហូរហែរ បើទោះជាបុរីភាគច្រើនលក់មិនបានច្រើនក្តី”។លោកបន្តថា “យើង​សាងសង់ដោយផ្តោតលើគុណតម្លៃ និងផ្តល់នូវគុណតម្លៃដល់អតិថិជន ព្រោះយើងបានបំពេញតាមលក្ខខ័ណ្ឌអាកាសធាតុ ធម្មជាតិ និងបែបផែននៃ​ការរស់នៅសម័យថ្មីដល់អតិថិជន”។

បុរីវិមានសំណាងបាន និងកំពុងដំណើរការលក់យ៉ាងរលូន ដោយរហូត​មកទល់ពេលនេះ ការលក់បុរីនេះក្នុងដំណាក់កាលទី១ សម្រេចបានប្រមា​ណ​៣០ភាគរយហើយ។

បុរីវិមានសំណាងបាននិងកំពុងសាងសង់លើទីតាំង ដែលព័ទ្ឋជុំវិញដោយស្ថាប័នរដ្ឋ ផ្សារទំនើប ផ្សារសហគមន៍ ពហុកីឡាដ្ឋានមរតកតេជោ និងព្រែកធម្មជាតិ ដែលផ្តល់ឲ្យអ្នករស់នៅនូវអារម្មណ៍ស្រស់ស្រាយ និងមានភាពមនោរម្យ ពិសេសមានសួនច្បារ ហាងកាហ្វេ កន្លែងស្ទូចត្រីកំសាន្តផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here