ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំ ឌីជីថលនៅក្នុងបរិវេណនៃ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១ វិច្ឆិកា២០២២នេះ ដើម្បីជាដើរឱ្យទាន់នូវការជឿនលឿននៃបច្ចេកវិទ្យាពិភពលោក។
ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះ នៅព្រឹកថ្ងៃទី១ វិច្ឆិកានេះ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបានប្រឈម នឹងកំណើនអវិជ្ជមានជាលើកដំបូង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨-២០០៩ ដែលកាលនោះកំណើនបានធ្លាក់មក នៅកម្រិតលើសូន្យបន្តិចប៉ុណ្ណោះ។
លោកបន្តថា ជាមួយគ្នានេះដែរ ការអប់រំត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាលារៀនត្រូវបង្ខំចិត្តបិទទ្វារ ហើយការរៀននិងបង្រៀនត្រូវបានផ្លាស់ប្តូរទាំងស្រុងពីការរៀន និងការបង្រៀននៅក្នុងថ្នាក់ផ្ទាល់ មកជាការរៀននិងការបង្រៀនពីចម្ងាយ ដែលត្រូវការបច្ចេកវិទ្យាឌីជីថលជាជំនួយដ៏ចាំបាច់ខានមិនបាន។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ការអនុវត្តដោយជោគជ័យនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេស និងសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញព្រមទាំងបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការ និងប្រកបអាជីវកម្មផ្សេងៗ លោកគ្រូអ្នកគ្រូអាចបង្រៀនដោយផ្ទាល់ ហើយសិស្សានុសិស្សក៏អាចវិលត្រលប់មកសាលារៀនបានជាធម្មតាឡើងវិញ”។
លោកបន្តថា នៅក្នុងស្ថានភាពដ៏ស្រួចស្រាល់ នៃការរាតត្បាតជំងឺកូវីដ១៩ ជាងពេលណាៗផ្សេងទៀត បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនផលិត ក៏ដូចជា ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គមសេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបាននិងកំពុងផ្លាស់ប្តូរទម្លាប់រស់នៅ និងជីវិតប្រចាំថ្ងៃរបស់យើង។
លោកបន្តថា “បច្ចេកវិទ្យាទាំងនេះក៏បាន និងកំពុងបង្កើនប្រសិទ្ធភាពក្នុងដំណើរការរៀននិងបង្រៀន ការប្រាស្រ័យទាក់ទងគ្នា ការស្វែងរកការងារ និងការពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងបាននិងកំពុងជំរុញការបង្កើតនូវគំនិតច្នៃ ប្រឌិតបន្ថែមទៀតផងដែរ”។
លោកបន្ថែមថា ដោយមើលឃើញពីសក្ដានុពលនេះ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីឆ្នាំ២០២១ ដែលជាក្របខណ្ឌរួម និងផែនទីចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។
ក្របខណ្ឌគោលនយោបាយនេះ មានសរសរស្ដម្ភចំនួន៣ រួមមានទី១ ការកសាងរដ្ឋាភិបាលឌីជីថល ទី២ ការកសាងធុរកិច្ចឌីជីថល និងទី៣ ការកសាងពលរដ្ឋឌីជីថល៕