ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា គ្រោងប្រមូលពន្ឋឲ្យបានជាង៣៥៧១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។
សម្រាប់ឆ្នាំ ២០២៣ ចំណូលពន្ធផ្ទៃក្នុង ដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងត្រូវបានកំណត់ ក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឲ្យបាន៣៥៧១,៧០លានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២។
លោក គង់ វិបុល បញ្ជាក់ថា បើទោះស្ថានភាពសេដ្ឋកិច្ចសកល បានកំពុងជួបវិបត្តិ ដែលស្ថិតភាពមិនច្បាស់លាស់ក្តី ហើយសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករកើនឡើង៦.៦% ខណៈការលើកលែងពន្ធដល់វិស័យអនុគ្រោះ នៅតែបន្តមានច្រើនក្តី អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានដល់ការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យគ្រប់តាមផែនការ អគ្គនាយករដ្ឋានពន្ធដារ នៅតែបន្តធ្វើកំណែទម្រង់ថែមទៀត ដែលកំណែទម្រង់នេះ ធ្វើឲ្យលទ្ធផលចំណូលពន្ធរបស់ពន្ធដារលើសផែនការ បន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គឺសរុបមកជាង១០ឆ្នាំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះជាការកើនឡើង នៃផែនការប្រមូលចំណូលពន្ធប្រមាណ៧៥២.១៦លានដុល្លារ នេះជាការកើនឡើងខ្ពស់ហើយ អាចនឹងនាំឱ្យការបំពេញបេសកកម្មរបស់ អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង។
លោកបញ្ជាក់ថា “ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោល គឺខ្ញុំនឹងខិតខំប្រឹងប្រែង ពុះពារអនុវត្តភារកិច្ចប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា”៕