ដោយ: លាងហួរ
វ៉ាស៊ីនតោន: ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តបង្ហាញការប្តេជ្ញាចិត្តចំពោះតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
ខណៈពេលដែលគណបក្សប្រជាធិបតេយ្យ របស់លោកចូ បៃដិនអាចនឹងបាត់បង់ការគ្រប់គ្រងសភាតំណាងរាស្រ្ត ទៅឱ្យគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោកចូ បៃដិនទំនងជានឹងសង្កត់ធ្ងន់អំពី ជំហររបស់រដ្ឋបាលរបស់លោក ក្នុងការជំរុញទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់នេះ។
លោក ចូបៃដិន នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន៨ រួមមាន ប្រទេសចិន និងរុស្ស៊ី ក្រោយមកលោកបៃដិននឹងធ្វើដំណើរទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។
លោក Joanne Lin Weiling អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថានISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន -អាមេរិកថ្មី(CSP) ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំ។
លោក Lin បានបន្តថា CSP នឹងនាំមកនូវមានការគាំទ្រកាន់តែច្រើនពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ការអនុវត្តរបស់អាស៊ាន ស្តីអំពីទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក(AOIP)។
កាលពីខែឧសភាកន្លងទៅនេះ លោកចូ បៃដិន បានរៀបចំការជួបជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោន ដែលលោកបានសន្យាថា នឹងចំណាយថវិកា១៥០លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមលក្ខណៈនៃជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕