តើតំបន់ភាគខាងត្បូងនៅតែមានឱកាសវិនិយោគល្អសម្រាប់ការទិញ លក់ដីធ្លីយកផលចំណេញ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងអភិវឌ្ឍន៍តូច ធំជាច្រើនបានបោះជំហ៊ានទៅកាន់តំបន់ភាគខាងត្បូងរាជធានី ទាំងផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។

វត្តមានបុរីជាច្រើន ទាំងបុរីលំដាប់អភិជន ផ្សារទំនើបAEON Mall3 , Car Center ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងគំរោងជាច្រើនទៀត បាននិងកំពុងរំលេខ្លួននៅតំបន់ ដែលអតីតសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណធ្លាប់ផ្តល់យោបល់ថា ការពង្រីកទីក្រុងភ្នំពេញគួរឆ្ពោះទៅទិសខាងត្បូង ដោយ​សារហេតុផលជាច្រើន។

អ្នកជំនាញជាច្រើន នៅតែមើលឃើញតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ មានសក្តានុពលខ្ពស់លើការវិនិយោគវិស័យដីធ្លី ខណៈតំបន់នេះមានគម្រោងអភិវឌ្ឍនធំៗរបស់រាជរដ្ឋាភិបាល និងឯកជនជាច្រើនបាននិងកំពុងលេចចេញជារូបរាងបណ្តើរៗ។

លោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ថា បើគិតពីទិសទាំង៤ នៃរាជធានីភ្នំពេញ តំបន់កំពុងមានសក្តានុពលខ្ពស់ ចំពោះការវិនិយោគដីធ្លី គឺស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

លោកបានបន្តថា “បើនិយាយពីតម្លៃដីធ្លីវិញនៅធូរថ្លៃ បើទិញទុកអា​ចលក់យកចំណេញបាន”។ លោកបន្ថែមថា “អ្នកមួយចំនួនលើកឡើងថា ដីធ្លីនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានសក្តានុពលចំពោះការវិយោគ តែ បើដីនោះមានរូបរាង ឬទ្រង់ទ្រាយមិនល្អ ក៏វាមិនមានតម្លៃថ្លៃផងដែរ”។

ជាមួយនឹងតំបន់ដែលមានសក្តានុពល សម្រាប់វិនិយោគលើវិស័យដីធ្លីនេះ លោកឃាង ពុទ្ឋីបានព្រមានផងដែរថា “អ្នកវិនិយោគត្រូវពិនិត្យមើលពីបច្ចេកទេស លក្ខណៈដីធ្លី និងទីតាំងភូមិសាស្ត្រដីធ្លីឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញ ហើយលក់ទៅវិញទើបវាលក់ទៅវិញ ទទួលបានផលចំណេ​ញ”។

លោកបន្ថែមថា “ យើងមិនអាចចេះតែនិយាយឱ្យដីធ្លី មានតម្លៃ និងសក្តានុពលនោះទេ ខណៈដីដែលនៅតំបន់ដែលមានសក្តានុពល ដូចអ៉ីអន២ ឬ ដីនៅបឹងកេងកង ឬ ទួលគោកក៏មានកន្លែងខ្លះ វាមិនល្អផងដែរ”។

រីឯលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ តម្លៃដីបានហក់ឡើងខ្ពស់លើសតម្លៃទីផ្សាររួចទៅហើយ។

លោកបន្តថា “តម្លៃដីនៅតំបន់នោះមួយចំនួនបានឡើងខ្ពស់ ធៀបនឹងសក្តានុពលតំបន់ដែលមាន ប៉ុន្តែតម្លៃដីធ្លីពិតប្រាកដ មិនអាស្រ័យលើម្ចាស់ដីចង់បានទេ ប៉ុន្តែវាអាស្រ័យលើអ្នកទិញហ៊ានទិញប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកសន សៀបប្រធានក្រុមហ៊ុនKey Real Estate បានលើកឡើងថា ទោះជាមានបញ្ហាវិបត្តិកូវីដអស់ប៉ុន្មានឆ្នាំក្តី ប៉ុន្តែតម្លៃដីនៅតំបន់មួយចំនួននៅតែបន្តកើនឡើង ពិសេសនៅតំបន់ជាយក្រុង និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច និងគោលនយោបាយពង្រីកទីក្រុង និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់​រដ្ឋាភិបាលនៅតែបានធ្វើឲ្យតម្លៃដីធ្លី ពិសេសតំបន់ជាយក្រុង មិនថាភាគខាងណាឡើយ នៅតែបន្តឡើងថ្លៃចន្លោះ១០ភាគរយជាមធ្យមប្រចាំឆ្នាំ។

លោកបន្តថា “តំបន់ភាគខាងត្បូង កំពុងមានសក្តានុពល ដោយសារហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការពង្រីកគំរោងអភិវឌ្ឍន៍របស់វិស័យឯកជនឆ្ពោះទៅតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here