តំបន់សេដ្ឋកិច្ចពិសេសទំហំជិត១ម៉ឺនហិកតានៅខេត្តកោះកុងរបស់ក្រុមហ៊ុនRoyal Groupត្រូវបានក្រុមមន្រ្តីចុះកំណត់ព្រំដី

0

ដោយៈ គង់ ម៉ាលីនណា

       កោះកុងៈ ក្រុមការងារអន្តរក្រសួងដឹកនាំ ដោយលោកសុខខេង នរិន្ទអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ឋបានចុះកំណត់ព្រំដីស ម្បទានរបស់រដ្ឋាភិបាល សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង។

យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកាថា ក្រុមការងារក្រសួ​ងបរិស្ថាន ដែលដឹកនាំដោយ លោកសុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោកសេន ណាស៊ី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះកំណត់ព្រំដីសម្បទាន ទំហំ៩៩៦៨ហិកតា ដែលរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ផ្តល់ឱ្យក្រុមហ៊ុន Royal Group Co.,Ltd សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយក្រុមមន្រ្តីខាងលើនេះ។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យ កំណត់និយាមកាព្រំដីសម្បទាននេះ លោកសុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគាំទ្រលើការអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានស្នើសូមក្រុមហ៊ុន កុំទាន់ធ្វើការឈូសឆាយទីតាំងដីនេះ ដោយរង់ចាំឱ្យមានច្បាប់អនុញ្ញាត ឱ្យឈូសឆាយជាមុនសិន និងដោះស្រាយផលប៉ះពាល់ជាយថាហេតុ ដែលកើតមានឡើងក្នុងទីតាំងដីសម្បទាននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here