ដោយ: លាងហួរ
ភ្នំពេញ: ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងផ្លូវជនបទដំណាក់កាលទី២ ដែលផ្តល់ជំនួយដោយប្រទេសចិន នៅក្នុងប្រទេ សកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយការសាងសង់ផ្លូវក្រាលកៅស៊ូ និងបេតុងមានប្រវែងសរុប១២០គីឡូម៉ែត្រ។
ថ្លែងក្នុងពិធីអបអរសាទរ ការបញ្ចប់គម្រោងរយៈពេលបីឆ្នាំ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ផ្លូវថ្នល់គឺជាសមិទ្ធិផលថ្មីសម្រាប់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន ដោយលោកបានបញ្ជាក់ថា ផ្លូវនេះមានសារៈសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍បន្តថា ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍ផ្លូវជនបទ និងទឹកស្អាត ហើយជំនួយរបស់ចិនដែលផ្តល់មកឱ្យកម្ពុជា មិនមានលក្ខខណ្ឌភ្ជាប់មកជាមួយនោះទេ។
លោកបន្តថា “នេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពសម្រាប់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា”។
លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ខេត្តចំនួន៦គឺ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ បានទទួលផលប្រយោជន៍ពីគម្រោងដំណាក់កាលទី២នេះ។
លោកបានបន្តថា ផ្លូវថ្មីទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលពីកសិដ្ឋានទៅទីផ្សារ។
លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៧មក គម្រោងក្នុងដំណាក់កាលទី១ និងទី២ បានសាងសង់ផ្លូវជនបទចំនួន២៥ខ្សែ មានប្រវែងសរុប១៥៥គីឡូម៉ែត្រ និងស្ពានថ្មីចំនួន២ក្នុងខេត្តចំនួន៨ របស់ប្រទេសកម្ពុជា។
លោក Wu បានបន្តថា គម្រោងផ្លូវនេះ គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងជំនួយ ជាច្រើនរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងដើម្បីជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា។
លោកបានបន្ថែមថា “ខ្ញុំជឿជាក់ថាគម្រោងនេះ នឹងរួមចំណែកក្នុងការកសាងសហគមន៍បន្ថែមទៀត ជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិន និងកម្ពុជា”៕