ការបង្កើតគំរោងអភិវឌ្ឍន៍បែបសហគមន៍នឹងជំរុញការចាប់យកចំណែកទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន

0

ដោយៈសុផារី

ភ្នំពេញៈ ការប្រកួតប្រជែង ដើម្បីចាប់យកចំណែកទីផ្សារអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ទាមទារឱ្យអ្នកអភិវឌ្ឍន៍មានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំង។

អ្នកជំនាញអចលនទ្រព្យលើកឡើងថា ការផ្តល់ជូននូវអាគារ ឬចំណែ​កនៃអចលនទ្រព្យតែមួយមុខ មិនអាចទាក់ទាញអ្នកវិនិយោគ បានទៀតនោះទេ តែអ្នកអភិវឌ្ឍន៍គួរគិតក្នុងការផ្តល់ជូននូវសេវាកម្មបន្ថែម និងការបង្កើតនូវសហគមន៍មួយ។

លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុន The Factory Phnom Penh និង Urban Village បានមានប្រសាសន៍កាលពីសប្តាហ៍កន្លងមកថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានចាប់ផ្តើមមានកំណើនឡើងជាលំដាប់ ក្រោយកម្ពុជាបានធូរស្បើយពីបញ្ហាកូវីដ១៩ ដោយអ្នកអភិវឌ្ឍន៍បច្ចុប្បន្ន បានចាប់ផ្តើមគិតគូរបង្កើតសហគមន៍ ដើម្បីទាក់ទាញអតិថិជនបន្ថែម។

លោកបានមានប្រសាសន៍ថា “អ្វីដែលខ្ញុំមើលឃើញ ក្នុងកំឡុងកូវីដ១៩នោះគឺ អ្នកបង្កើតគម្រោងអចលនទ្រព្យផ្សេងៗគួរតែធ្វើអ្វី ដែលខុសពីអ្នកអភិវឌ្ឍន៍ធម្មតា”។ លោកបន្ថែមថា “ក្នុងន័យនេះ លោកចង់សំដៅលើអ្នកអភិវឌ្ឍន៍ មិនត្រឹមតែសាងសង់ គម្រោងអចលនទ្រព្យប៉ុណ្ណោះទេ តែក៏គួរបង្កើតនូវសហគមន៍មួយ តាមរយៈការគាំទ្រក្រុមហ៊ុន Start Up នៅក្នុងតំបន់ គាំទ្រសិល្បករ តន្ត្រីករជាដើម”។

លោកបណ្ឌិតBen Liបានបន្តថា យើងអាចមើលឃើញពីសារៈសំខាន់នៃការបង្កើតគម្រោងអចលនទ្រព្យ ពួកគេមិនគួរគិតតែពីការសាងសង់អាគារតែមួយមុខប៉ុណ្ណោះទេ តែក៏គួរតែបង្កើតជាសហគមន៍ ដែលនេះជានិន្នាការថ្មីនាពេលបច្ចុប្បន្ននេះ។

ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសមកកាន់គម្រោងអភិវឌ្ឍន៍ណាមួយ លោកBen Li បានចែករំលែកបទពិសោធន៍ថា អ្នកអភិវឌ្ឍន៍ត្រូវតែបង្កើតជាសហគមន៍ ដោយផ្តល់ជាបរិក្ខារ និងសេវាកម្មផ្សេង ហើយប្រសិនបើចំណុចទាំងនេះ មិនត្រូវបានផ្តល់នោះទេ លោកថា ការធ្វើជំនួញបែបនេះ អាចកើតមានឡើងនៅក្នុងប្រទេសចិន តែមិនមែននៅកម្ពុជានោះទេ។

លោកលើកឡើងថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ទាល់តែអ្នកប្រឹងប្រែងបន្តិច ក្នុងការបង្កើតជាសហគមន៍”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here