ក្រុមអ្នកវិភាគបង្ហើបសូចនាករចំនួន៥ ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យចិននឹងចាប់ផ្តើមងើបឡើងវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងចាប់ផ្តើមងើបឡើងវិញ ខណៈបណ្តាអ្នកអភិវឌ្ឍន៍កំពុងទទួលបានឥណទានថ្មី ហើយចំនួនផ្ទះលក់មិនដាច់(Unsold)កំពុងធ្លាក់ចុះ។

បន្ទាប់ពីទីផ្សារអចលនទ្រព្យចិនបានបង្ហាញសញ្ញាល្អប្រសើរនៅឆមាសទី១ ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានទាញការព្យាករណ៍សារជាថ្មីថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះ៧ភាគរយនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងដាំក្បាលចុះ១៥ភាគរយ។

វិធានការនានារបស់រដ្ឋាភិបាលចិន ដូចជា ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ ការបន្ទាបអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះ និងការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលចិនបានជួយជំរុញទីផ្សារអចលនទ្រព្យក្នុងស្រុក។

ជាមួយគ្នានេះ រដ្ឋបាលក្នុងតំបន់មូលដ្ឋានបានបោះផ្សាយលក់មូលបត្របំណុលក្នុងគោលបំណងកៀរគរមូលនិធិដើម្បីជួយទិញលំនៅដ្ឋានលក់មិនដាច់(Unsold home)ពីបណ្តាអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះវិបត្តិសាច់ប្រាក់។

ក្រុមអ្នកវិភាគនៅធនាគារ HSBC បានសង្កេតឃើញសូចនាករថ្មីចំនួន៥ ដែលបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងងើបឡើងវិញ។ សូចនាករទាំងនោះ រួមមានដូចជា ភាពប្រសើរឡើងនៃលក្ខខណ្ឌឥណទានរបស់បណ្តាអ្នកអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មតាមរយៈការច្របាច់បញ្ចូលគ្នារវាងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច។

សូចនាករចំនួន៣ផ្សេងទៀត រួមមានដូចជា ការកើនឡើងនៃការលក់ដីធ្លី ការថយចុះនៃចំនួនលំនៅដ្ឋានលក់មិនដាច់ និងការកំណត់តម្លៃលំនៅដ្ឋានដោយផ្អែកលើយន្តការទីផ្សារសេរី។

ជាពិសេស រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យបណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងធំៗអាចកំណត់តម្លៃផ្ទះដោយខ្លួនឯង៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here