ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២២នេះមិនទាន់មានភាពល្អប្រសើរយ៉ាងណាក្ដី តែការបញ្ជាទិញអចលនទ្រព្យបានកត់សម្គាល់ឃើញថា មានចំនួនច្រើនជាងរយៈពេល២ឆ្នាំកន្លងទៅជាពិសេសនោះគឺការប្រើប្រាស់ នូវបច្ចេកវិទ្យាក្នុងការបញ្ជាទិញអចលនទ្រព្យ។
អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodiaអ្នកស្រីGrace Rachny Fong បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ វិច្ឆិកានេះថាចាប់តាំងពីដើមឆ្នាំ២០២២ យើងឃើញថាការទិញលក់ អតិថិជនមានសក្ដានុពលក្នុងការបញ្ជាទិញច្រើន ជាពិសេសអតិថិជន ដែលមានប្រាក់ទិញទុកយកចំណេញនៅពេលអនាគត ដោយសារតែការរំពឹងថា នៅពេលចប់វិបត្តិសេដ្ឋកិច្ចនិងវិបត្តិកូវីដ១៩ ទាំងស្រុងអចលនទ្រព្យនឹងមានតម្លៃល្អ ។
លោកស្រីបន្តថា កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ តម្លៃអចលនទ្រព្យបានថមថយបន្តិច ប៉ុន្តែអ្នកលក់ និងអ្នកទិញមិនអាចជួបគ្នាបាន ដោយសារវិបត្តិកូវីដ១៩ ទើបធ្វើឱ្យការទិញលក់មិនមានប្រតិបត្តិការ។ រហូតមកដល់ដើមឆ្នាំ២០២២ តម្លៃអចលនទ្រព្យបានល្អប្រសើរបន្តិច ហើយអ្នកលក់និងអ្នកទិញក៏អាចជួបគ្នាផ្ទាល់ដើម្បីចរចាពីតម្លៃដើម្បី ឈានទៅដល់ការបិទការទិញលក់ផងដែរ ។
លោកស្រីGrace Rachny Fongបានបន្ថែមថា ក្រោយពីស្ថានភាពកូវីដ១៩បានប្រសើរ ឃើញថាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មួយចំនួនក៏បានដំណើរការ ខ្លះកំពុងបន្តដំណើរការអភិវឌ្ឍខ្លះទៀត ក៏ជិតរួចរាល់។ ដូច្នេះហើយទោះបីវិបត្តិសេដ្ឋកិច្ច កំពុងតែកើតឡើងក្ដីតែការលក់អចលនទ្រព្យកម្ពុជាហាក់បានប្រសើរវិញ ជាពិសេសនោះដោយសារតែជួបចរចាគ្នារវាងអ្នកលក់និងអ្នកទិញតែម្ដង ។
ទន្ទឹមនឹងការជួបគ្នាផ្ទាល៉ បច្ចុប្បន្ននេះក៏មានបច្ចេកវិទ្យាទំនើប ដែលអ្នកលក់ និអអ្នកទិញអាចបញ្ជាទិញ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់ឱ្យអតិថិជន ទៅមើលអចលនទ្រព្យដោយផ្ទាល់ ដែលកត្តាទាំងនេះបានជំរុញឱ្យមានការបញ្ជាទិញ និងបិទការលក់បានច្រើនជាងមុនផងដែរ។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ផងដែរថា ទោះបីជាឆ្នាំ ២០២២នេះ សកម្មភាពនៃការទិញលក់មិនបានល្អ ដូចកាលពីឆ្នាំ២០១៨ ឬ២០១៩ក៏ដោយ តែយ៉ាងណា ក៏វាប្រសើរជាងឆ្នាំ២០២០ និង២០២១កន្លងមក ហើយរំពឹងថាឆ្នាំ២០២៣ខាងនឹងល្អជាងឆ្នាំនេះទៅទៀត ដោយកត្តាគួបផ្សំមួយចំនួន៕