ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា កម្ពុជាមានទីតាំងដ៏ល្អ ស្ថិតនៅចំចំណុចកណ្តាលនៃអាស៊ាន ដែលសមស្របបំផុតក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបោះទីតាំងជាការិយាល័យកណ្តាលរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុនColdwell Banker លោកKen Loមានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើគិតក្នុងតំបន់អាស៊ាន ការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ចំណាយពេលមិនលើស១ម៉ោងឡើយ ហើយបើទៅកាន់បណ្តាប្រទេសអាស៊ានដទៃទៀត ការហោះហើរពីកម្ពុជា ចំណាយពេលមិនលើស២ម៉ោងនោះទេ។
លោកបន្តថា “ភាពអំណោយផលផ្នែកទីតាំងភូមិសាស្រ្តនេះ នឹងធ្វើ់ឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មកបោះការិយាល័យកណ្តាល នៅកម្ពុជាច្រើននាពេលអនាគត”។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិគួរតែបន្តវិនិយោគសាងសង់ អគារការិយាល័យលំដាប់A ព្រោះចំនួនអាគារការិយាល័យនៅកម្ពុជាមានកម្រិតនៅឡើយ”។
នៅរាជធានីភ្នំពេញ មានអាគារការិយាល័យលំដាប់A ចំនួនតិចជាង១០ប៉ុណ្ណោះ ដែលអាគារការិយាល័យលំដាប់Aទាំងនោះមាន ដូចជា វិមាន វឌ្ឈនៈ អាគារExchange Squares អាគារស្ថាបនា ដែលវិនិយោគដោយជប៉ុនជាដើម។
លោកKen Loបានបន្តថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ សុទ្ឋតែអំណោយផល ដល់ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលពួកគេនឹងមកបោះទីតាំងនៅកម្ពុជានាពេលអនាគត៕