ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក។ យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បានឱ្យដឹងថា បច្ចុប្បន្ន នៅតំបន់កណ្តាលទីក្រុងហាណូយ ពុំមានអគារអាផាតមុិនណាមួយ ដែលមានតម្លៃជួលក្រោម១០លានដុងក្នុងមួយខែនោះទេ។
ជាធម្មតា ការជួលអាផាតមុិនដែលមានបន្ទប់គេងទោលនៅតំបន់កណ្តាលក្រុងហាណូយមានតម្លៃចាប់ពី១០លានដុងទៅ១៥លានដុងក្នុងមួយខែ(ប្រហែល៣៨០,៤៥ដុល្លារទៅ៥៧០,៦៧ដុល្លារ) ខណៈការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន២ មានតម្លៃចាប់ពី១៥លានដុងទៅ២០លានដុងក្នុងមួយខែ។
ចំណែក ការជួលអាផាតមុិននៅតំបន់ជាយរដ្ឋធានីហាណូយនាពេលបច្ចុប្បន្នមានតម្លៃជាមធ្យមចន្លោះពី៦,៥លានដុងទៅ១៥លានដុងក្នុងមួយខែ បើធៀបនឹងតម្លៃចាប់ពី៤លានដុងទៅ៨លានដុងក្នុងមួយខែកាលពី៥ឆ្នាំមុន។
យោងតាមទិន្នន័យពីវេទិកា ឬថ្នាលចុះបញ្ជីអចលនទ្រព្យ Batdongsan បានបង្ហាញថា នៅឆ្នាំនេះ តម្លៃជួលអាផាតមុិនជាមធ្យមក្នុងទីក្រុងហាណូយបានហក់ឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយបើធៀបនឹងឆ្នាំមុន។
តួយ៉ាង តម្លៃជួលអាផាតមុិននៅគម្រោង Imperia Smart City បានហក់ឡើងជាង២០ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលតម្លៃជួលអាផាតមុិននៅគម្រោង Indochina Plaza Hanoi បានហក់ឡើង១៨ភាគរយ។
ចំណែក ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន៣ ស្ថិតនៅលើផ្លូវ Nguyen Tuan មានតម្លៃចន្លោះពី១៨លានដុងទៅ១៩លានដុងក្នុងមួយខែ កើនឡើង៥ភាគរយ បើគិតចាប់តាំងពីដើមឆ្នាំ២០២៥នេះ៕ប្រភព: Vnexpress ៕