ផ្លូវជាតិលេខ៧ពីស្គន់ដល់ក្រុងកំពង់ចាមតម្លៃជិត១១៥លានដុល្លារនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ

0

ដោយ៖ សុផារី

កំពង់ចាម៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែលគ្រោងប្រើថវិកាជិត១១៥លានដុល្លារក្រោមកម្ចីរបស់ចិន នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ នៅក្នុងពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្តផ្សារដីហុយ នៅថ្ងៃទី២០ ខែធ្នូនេះ។

លោកបាន​បញ្ជាក់ថា​ ពេលវេលាពិតប្រាកដ នៃការ​បើក​ការដ្ឋាន​សាងសង់​ និង​ពង្រីក​ផ្លូវ​ជាតិ​​លេខ៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម នឹង​ចាប់ផ្តើមធ្វើឡើង​នៅ​ថ្ងៃ០៩ ខែ​មករា ​ឆ្នាំ២០២៣ខាង​មុខ​នេះ។

ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែល​មានប្រវែងជាង៤៥គីឡូម៉ែត្រ ត្រូវ​ពង្រីក​ជា​ផ្លូវ​៤​គន្លង គឺពីរ​គន្លង​ទៅ​ពីរ​គន្លងមក។ ផ្លូវនេះ​​ប្រើប្រាស់​ថវិកា​ជិត១១៥លាន​ដុល្លារ​ គ្រោង​ចំណាយពេលសាងសង់ប្រមាណ៣៦ខែ និងអនុវត្តការងារ​សាងសង់ដោយក្រុមហ៊ុនសាជីវកម្ម​ស្ពាននិងថ្នល់​ចិន​ (CRBC)​៕

LEAVE A REPLY

Please enter your comment!
Please enter your name here