ដោយ៖ សុផារី
កំពង់ចាម៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែលគ្រោងប្រើថវិកាជិត១១៥លានដុល្លារក្រោមកម្ចីរបស់ចិន នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្សារដីហុយ នៅថ្ងៃទី២០ ខែធ្នូនេះ។
លោកបានបញ្ជាក់ថា ពេលវេលាពិតប្រាកដ នៃការបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃ០៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ដែលមានប្រវែងជាង៤៥គីឡូម៉ែត្រ ត្រូវពង្រីកជាផ្លូវ៤គន្លង គឺពីរគន្លងទៅពីរគន្លងមក។ ផ្លូវនេះប្រើប្រាស់ថវិកាជិត១១៥លានដុល្លារ គ្រោងចំណាយពេលសាងសង់ប្រមាណ៣៦ខែ និងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)៕