សញ្ញាវិជ្ជមានៈរដ្ឋាភិបាលបង្កើនលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ជាង២៨០០មេហ្គាវ៉ាត់

0

ដោយវុត្ថា
ភ្នំពេញ:​ រាជរដ្ឋាភិបាលបានសម្រេចបង្កើនលទ្ធភាព ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។

លោក វ៉ិចទ័រ ហ្ស៊ូណា អ្នកនាំពាក្យក្រសួងរ៉ែ និងពលបានឲ្យដឹងកាលពីព្រលប់ថ្ងៃទី៣ មករាកន្លងមកថា ការពង្រីកលទ្ធិភាពផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋរហូតដល់ជិត៣ពាន់មេហ្គាវ៉ាត់នេះ ដោយសារតែកំណើននៃការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលចុងក្រោ​យនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទំាងសំណង់ និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន។

លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួ​ងទទួលបានប្រភពថាមពលបន្ថែម ពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកអោយដំណើរការពេញលេញ នៃរោងចក្រផលិតថាមពលអគ្គិសនីវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩នេះ”។

ជាមួយគ្នានេះ កម្ពុជានៅតែត្រូវការនាំចូលប្រភពថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ចំនួន២៧៧ មេហ្គាវ៉ាត់ ពីថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន៣០មេហ្គាវ៉ាត់។

លោកបន្ថែមថា ក្នុងផែនការបពង្រីកការផ្គត់ផ្គង់ ប្រភពថាមពលអគ្គិសនីជូនដល់ប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលក៏បានត្រៀមបញ្ចុះតម្លៃថ្លៃអគ្គិសនីផងដែរ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះទៅ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី៤៨០ រៀលនៅឆ្នាំ២០១៨ មកនៅ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ២០២០ ការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ក្នុង១ខែ នឹងត្រូវចុះពី៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី៥១ដល់២០០ គីឡូវ៉ាត់ក្នុង១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។

លោកឆឹង ស៊ីណា តំណាងអគ្គិសនីជនបទបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជនបទ មានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជិត២ដង ដោយសារការពង្រីកលំនៅដ្ឋានថ្មី និងការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចមានទូរទស្សន៍ កង្ហារ ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាត់ជាដើម។ លោកបញ្ជាក់ថា ក្រុមសេវាករដែលជាសមាជិកនៃសមាគមអគ្គិសនីជនបទ នឹងខិតខំពង្រីកការតបណ្តាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្ងាយៗពី ខ្សែបណ្តាញជាតិ ដើម្បីអោយពួកគេមានលទ្ធភាពប្រើប្រាស់អគ្គិសនីដូចប្រជាពលរដ្ឋដ៏ទៃទៀត។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនីក្នុងទំហំជាង២៦៥០មេហ្គាវ៉ាត់ ដែលបានគ្រប់ដណ្តប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here