ដោយៈ ចំណាន
កូរេៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
យោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េ។
ក្នុងដំណើរបេសកកម្មនេះ លោករដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយ លោកលន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីអំពីគោលបំណង នៃបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។
លោកភារធារី បានសម្តែងនូវទឹកចិត្ត រីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសេអ៊ូល ដែលនឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ៕