ដោយគង់ សូរិយា
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសដាក់ចេញនូវគោលនយោបាយលើកកំពស់ធុរកិច្ច តាមរយៈការដកចេញមន្រ្តីនៅតាមព្រំដែនលើកលែកតែមន្រ្តីគយ និងអន្តោប្រវេសន៍។
ក្នុងជំនួបជាមួយអ្នកសារព៌តមានជាង៥០០០នាក់ នៅទីក្រុងកោះពេជ្រនាល្ងាចថ្ងៃទី១១ មករានេះសម្តេចតេជោបានថ្លែងថា សម្តេចបានឲ្យលោកឧបនាយករដ្ឋមន្រ្តីអូនព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដាក់ចេញគោលនយោបាយពង្រឹងឯករា ជ្យរបស់កម្ពុជា។សម្តេចបន្តថា បើទោះបីជាគ្មានភាពអនុគ្រោះពន្ឋដល់កម្ពុជា (ពីសហគមន៍អឺរ៉ុប)ក៏កម្ពុជាអាចរស់បានដែរ។
សម្តេចបានបន្តថា “ខ្ញុំបានសម្រេចអំបាញ់ម៉ិញ នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានស្ថាប័នណាក្រៅពីគយ និងមន្រ្តីអន្តោប្រវេសន៍នោះទេ”។លោកបន្តថា “ឲ្យតែពីរហ្នឹងទេ ក្រៅពីនោះដកចេញទាំងអស់ ទាំងកាំកុងត្រូលត្រូវដកចេញទាំងអស់ ដែលស្ថាប័ននានាវាបង្កើតទៅជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ”។
សម្តេចតេជោហ៊ុន សែនបានបន្តថា ដកចេញទាំងអស់ទៅ មន្រ្តីទាំងនោះបើមិនមានការងារធ្វើទេ សូមបញ្ឍប់ការរើសមន្រ្តីបន្ថែមលើមន្រ្តីចូលនិវត្តន៍។ បញ្ហាមួយចំនួនគឺត្រូវធ្វើដូចជាស្កេន យើងមិនដឹងតម្លៃយ៉ាងណាទេ តែតម្លៃ(នាំចេញនាំចូល)របស់យើងវាថ្លៃ ហេតុនេះយើងត្រូវធ្វើឲ្យថ្លៃ(សេវា)ចុះទាប ដើម្បីឲ្យអ្នករកស៊ីមានភាពចំណេញ និងមានការងារមួយចំនួនទៀតដែលយើងត្រូវធ្វើ។
សម្តេចបានបន្តថា “អ្វីដែលយើងរកឃើញនេះ គឺមានន័យថាមិនត្រូវទេ យើងត្រូវកែលំអរ”។
ទោះជាយ៉ាងណាសម្តេចមិនទាន់បញ្ជាក់ថា ពេលណាមន្រ្តីទាំងនោះនឹងត្រូវដកចេញនោះទេ៕